នៅព្រឹកថ្ងៃពុធនេះ ពលរដ្ឋលីបង់ បានឆ្លុះបញ្ចាំងពីការបំផ្លិចបំផ្លាញ និងការជម្លៀសខ្លួនទ្រង់ទ្រាយធំ បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ក្នុងនោះការទម្លាក់គ្រាប់បែកចុងក្រោយនៅថ្ងៃនេះ ត្រូវចំតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ។
លោក Mostafa Saleh គឺជាពលរដ្ឋលីបង់វ័យ ៥៧ឆ្នាំមួយរូប និយាយថា វាហាក់បីដូចជាស្ថានភាពកាន់តែអាក្រក់ទៅ ។ ច្បាស់ណាស់ថា វាពិតជាអាក្រក់មែន អ្នកមើលឃើញហើយ ការជម្លៀសខ្លួន មនុស្សមិនអាចស្វែងរកកន្លែងស្នាក់នៅបាននោះទេ ។
ក្រុមសាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត នៅព្រឹកថ្ងៃពុធនេះ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិក និយាយថា ពួកគេសូមធ្វើការជំទាស់ចំពោះទំហំនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងបេរូត ស្របពេលចំនួនមនុស្សស្លាប់ចេះតែបន្តកើនឡើង ហើយនិងការព្រួយបារម្ភពីការកើនឡើងជម្លោះកាន់តែធំនៅក្នុងតំបន់ ។
រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដែលជាតំបន់កាន់កាប់របស់ក្រុមហេសបូឡា ដោយពួកគេពុំបានព្រមានទុកជាមុន ខណៈនៅតែបង្កើនការវាយប្រហារកាន់តែធំ ៕