ចលនាហេសបូឡានៅប្រទេសលីបង់ បានចោទប្រកាន់កងកម្លាំងអាកាសអ៊ីស្រាអែលម្តងទៀតថា បានប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងអំឡុងពេលវាយប្រហារលើប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើបណ្តាញ Telegram របស់ខ្លួន ចលនានេះ បាននិយាយថា មីស៊ីលប្រភេទនេះ ត្រូវបានគេប្រើប្រាស់យ៉ាងហោចណាស់ បីដង ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ប្រឆាំងនឹងគោលដៅមួយចំនួន ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះ។
ចលនានេះ បានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលថា ជា «ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃ» ហើយបានអំពាវនាវដល់ក្រុមសិទ្ធិមនុស្សអន្តរជាតិ និងអង្គការមនុស្សធម៌ ឲ្យថ្កោលទោសសកម្មភាពរបស់រដ្ឋជ្វីហ្វ។
កាលពីថ្ងៃទី ១៣ ខែតុលា ក្រុមហេសបូឡា បានចោទប្រកាន់យោធាអ៊ីស្រាអែលថា បានប្រើប្រាស់គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាទីក្រុងអូស្លូ ឆ្នាំ ២០០៨ ខណៈពេលដែលវាយប្រហារលើកន្លែងតាំងទីលំនៅ Hanine និង At-Tiri នៅភាគខាងត្បូងប្រទេសលីបង់។