សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសកាណាដា បានផ្តល់សញ្ញាថា ពួកគេនឹងបន្តទំនាក់ទំនងកាន់តែរឹងមាំជាមួយរដ្ឋាភិបាលរបស់លោក Narendra Modi ទោះបីជាមានការចោទប្រកាន់របស់នាយករដ្ឋមន្ត្រី លោក Justin Trudeau ថា អ្នកការទូតឥណ្ឌាបានប្រមូលព័ត៌មានសម្ងាត់ អំពីក្រុមផ្ដាច់ខ្លួនសាសនា Sikh រស់នៅក្នុងប្រទេសកាណាដា ដែលបន្ទាប់មកត្រូវបានគំរាមកំហែង ជំរិត ឬសម្លាប់។
ការអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដែលគាំទ្រដោយសេចក្តីថ្លែងការណ៍ពីកងកម្លាំងនគរបាលជាតិរបស់កាណាដា គឺជាការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងជម្លោះដែលបានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលដែលលោក Trudeau បានចោទប្រកាន់ប្រទេសឥណ្ឌាថា បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់សកម្មជនសាសនា Sikh នៅខេត្ត British Columbia។
ហើយឥឡូវនេះ កាណាដាបានចោទប្រកាន់ថា មន្ត្រីឥណ្ឌាបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ដ៏ទូលំទូលាយ នៅលើដែនដីកាណាដា។ ប្រទេសនេះបានបណ្តេញអ្នកការទូតឥណ្ឌាចំនួន ៦នាក់ កាលពីថ្ងៃទី១៤ ខែតុលា បន្ទាប់ពីឥណ្ឌាបដិសេធមិនព្រមដកអភ័យឯកសិទ្ធិការទូតរបស់ពួកគេ ដើម្បីបើកផ្លូវឲ្យមានការសាកសួរ។ ឥណ្ឌាបានឆ្លើយតបដោយបញ្ជាឲ្យអ្នកការទូតកាណាដា ៦នាក់ចាកចេញ។
ការចោទប្រកាន់របស់លោក Trudeau គួរណាស់តែមានលទ្ធភាពធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសាធារណៈ ដើម្បីឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនគិតគូរឡើងវិញពីការពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយឥណ្ឌា ប៉ុន្តែផ្ទុយទៅវិញ ទាំងរដ្ឋាភិបាលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ស្ងប់ស្ងាត់ជាពិសេស កាលពីថ្ងៃអង្គារ (ទី១៥ ខែតុលា) ដោយបានបង្ហាញពីការប្រែប្រួលតិចតួច នៅក្នុងនយោបាយរបស់ពួកគេ៕