ភ្នំពេញ៖ ជនសង្ស័យជនជាតិចិន និងខ្មែរ ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលមូលដ្ឋានខេត្ត ធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ក្រោយប្រព្រឹត្តបទល្មើសធ្វើទារុណកម្ម សម្លាប់មនុស្ស។
ប្រតិបត្តិការនេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយារបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ។
សូមបញ្ជាក់ផងដែរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ រួមមាន៖ ទី១៖ ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន។ ទី២៖ ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន។ ទី៣៖ ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនអ្នកទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់)។ ទី៤៖ ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។ ទី៥៖ ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន។ ទី៦៖ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងទី៧៖ ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សូមបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៥៖០០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងស្រាវជ្រាវបន្ដ៕
អត្ថបទ៖ កុម្ភះ