ជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា នឹងស្ថិតក្នុងចំណោមប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលដំបូងនៃសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលនឹងត្រូវប្រារព្ធឡើង នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃពុធនេះ។
មន្ត្រីជាន់ខ្ពស់អឺរ៉ុបម្នាក់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសឈូងសមុទ្រពែរ្ស ដើម្បីដោះស្រាយជម្លោះទាំងពីរនេះ។
កិច្ចប្រជុំកំពូល EU-GCC លើកដំបូង នឹងត្រូវធ្វើជាសហប្រធានដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងមេដឹកនាំនៃប្រទេសកាតា លោក Sheikh Tamim bin Hamad Al Thani ជាប្រធានប្តូរវេននៃGCC។
នៅពេលសួរថា តើអ្នកណាពិតប្រាកដនឹងធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល មន្ត្រីសហភាពអឺរ៉ុប បានឆ្លើយតបថា លោករំពឹងថា នឹងមានការចូលរួមយ៉ាងទូលំទូលាយក្នុងកម្រិតខ្ពស់ ដោយមិនបញ្ចេញឈ្មោះណាមួយឡើយ។ ក្រៅពីបណ្តាប្រទេសសហភាពអឺរ៉ុប ទីក្រុងប្រ៊ុចសែល បានអញ្ជើញមេដឹកនាំនៃប្រទេសអារ៉ាប់រួម បារ៉ែន អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ កាតា និងកូវ៉ែត ឲ្យចូលរួម។
មន្ត្រីសហភាពអឺរ៉ុបរូបនេះ បាននិយាយថា គោលដៅសំខាន់មួយទៀតនៃព្រឹត្តិការណ៍នេះ គឺដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងថាមពល។

