ប្រភពសន្តិសុខចំនួន ២បានឲ្យដឹងនៅថ្ងៃពុធនេះថា អភិបាលក្រុង Nabatiehលោក Ahmed Kahil និងមនុស្ស ៥នាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើអគារក្រុង ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ។
ក្រសួងសុខាភិបាលលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ២.៣៥០នាក់ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ហើយមនុស្សជិត ១១.០០០នាក់ បានរងរបួស ក្នុងនោះមនុស្ស ១,២លាននាក់ ត្រូវបានជម្លៀសខ្លួន ។
ចំនួនមនុស្សស្លាប់មិនមានការបែងចែកឡើយ រវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធ ប៉ុន្តែរួមមានទាំងស្រ្តី និងកុមាររាប់រយនាក់ផងដែរ ។
យោងតាមការអះអាងរបស់អ៊ីស្រាអែល បានឲ្យដឹងថា ពលរដ្ឋអ៊ីស្រាអែលប្រហែល ៥០នាក់ រួមទាំងទាហាន និងជនស៊ីវិល ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលតែមួយ ។
តួលេខនេះ បង្ហាញពីការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់លីបង់ ខណៈអ៊ីស្រាអែលព្យាយាមបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រុមហេសបូឡា នៅក្នុងជម្លោះរបស់ពួកគេ ដែលបានចាប់ផ្តើមផ្ទុះឡើងវិញកាលពីរយៈពេល ១ឆ្នាំមុន ពេលដែលពួកគេចាប់ផ្តើមផ្លោងគ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែក ជាការគាំទ្រក្រុមហាម៉ាស់ នៅពេលចាប់ផ្តើមសង្រ្គាមហ្កាហ្សា ៕


