នាយករដ្ឋមន្ត្រីកាតា និងជារដ្ឋមន្ត្រីការបរទេសលោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា ប្រទេសកាតា នឹងមិនអនុញ្ញាតឲ្យកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួន ប្រើប្រាស់ទឹកដីរបស់ប្រទេសនេះសម្រាប់ការវាយប្រហារលើប្រទេសដទៃទៀតនោះទេ។
លោកនាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងបទសម្ភាសន៍មួយទៅកាន់ទូរទស្សន៍ជាតិកាតាថា៖«ដោយពិចារណាលើមូលដ្ឋានទ័ពអាកាស Al Udeid ឬកន្លែងផ្សេងទៀតណាមួយ កាតានឹងមិនអត់ឱនចំពោះការប៉ុនប៉ងប្រើប្រាស់ [ទឹកដី] របស់ខ្លួនសម្រាប់ការវាយប្រហារ ឬសង្រ្គាមប្រឆាំងនឹងប្រទេសក្នុងតំបន់ ឬលើសពីនេះឡើយ។
ការអត្ថាធិប្បាយនេះ បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណួរមួយថាតើមូលដ្ឋានទ័ពអាកាស Al Udeid ដែលត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ដែលកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកក្នុងការគាំទ្ររបស់ខ្លួនចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបដែរឬទេ។

