ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធ (ទី១៦ ខែតុលា) នេះ បាននិយាយថា កូរ៉េខាងជើង គឺជាអ្នកចូលរួមតាមជាក់ស្ដែង នៅខាងភាគីរុស្ស៊ី ក្នុងសង្គ្រាមរបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាទៅកាន់សភា លោក Zelenskiy បាននិយាយថា សេវាស៊ើបការណ៍សម្ងាត់របស់លោកបានបញ្ជាក់ពីការផ្គត់ផ្គង់របស់កូរ៉េខាងជើងដល់រុស្ស៊ី ទាំងផ្នែកអាវុធ និងមនុស្ស។ មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រាប់សភាថា៖ «ចារកម្មរបស់យើង មិនត្រឹមតែកត់ត្រាការផ្ទេរសព្វាវុធពីកូរ៉េខាងជើងទៅរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកត់ត្រាការបញ្ជូនមនុស្សទៅផងដែរ»។
លោកបានបន្ថែមថា៖ «មានកម្មករផ្ដល់ឲ្យរោងចក្ររុស្ស៊ី ដើម្បីជំនួសជនជាតិរុស្ស៊ីដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាម។ ហើយមានបុគ្គលិក សម្រាប់កងទ័ពរុស្ស៊ី។ ជាក់ស្ដែង នេះគឺជាការចូលរួមរបស់រដ្ឋទី២ នៅខាងភាគីរុស្ស៊ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លោក Zelenskiy បានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនបុគ្គលិកឲ្យទៅកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ប៉ុន្តែវិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់នេះថា ជា «ព័ត៌មានមិនពិត»។
ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Sean Savett កាលពីថ្ងៃអង្គារ (ទី១៥ ខែតុលា) បាននិយាយថា ការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន ប្រសិនបើជាការពិត វានឹងបង្ហាញពីការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងការពារជាតិកូរ៉េខាងជើង និងរុស្ស៊ី៕

