សារព័ត៌មានរដ្ឋ IRNA រាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ នៅក្នុងអគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេងខ្នាតតូច Pars Petro Shushtar ស្ថិតក្នុងខេត្ត Khuzestan របស់អ៊ីរ៉ង់ ខណៈដែលមន្រ្តីក្នុងស្រុកនិយាយថា មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសផងដែរ ។
IRNA បានលើកប្រភពពីអភិបាលក្រុង Shushtar ថា អគ្គិភ័យខាងលើគ្រប់គ្រងបានហើយ ប៉ុន្តែក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមការងារជួយសង្រ្គោះ បន្តប្រុងប្រយ័ត្នដដែលនៅកន្លែងកើតហេតុ ។
អាជ្ញាធរក្នុងស្រុកម្នាក់ បានធ្វើការសន្និដ្ឋានថា មូលហេតុដែលបណ្តាលឲ្យកើតមានឧបទ្ទេវហេតុនេះ គឺបណ្តាលមកពីរថយន្តដឹកសឺទែនប្រេង ប៉ះជាមួយសឺទែនសាំង ហើយលោកបញ្ជាក់ថា ឧបទ្ទេហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
រូបភាពវីដេអូឃ្លីបនៃឧបទ្ទេវហេតុឃើញអគ្គិភ័យដ៏ធំកំពុងឆាបឆេះ ខណៈក្រុមជួយសង្រ្គោះបន្ទាន់ ចូលទៅកាន់កន្លែងកើតហេតុ ៕

