ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុក ត្រូវបានប្រកាសជាហូរហែរ និងជាច្រើនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍។
ឯកឧត្តមរដ្ឋលេខាធិការ នៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៤នេះ នៅក្នុងបណ្តាញសង្គម ក៏បានក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះ គឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។
ឯកឧត្តម បានគូសបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងជៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្តាហ៍ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងនៅលើបណ្តាញសង្គម និងនៅតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្តង។
ឯកឧត្តម កត្តា អ៊ន បានបញ្ជាក់បន្ថែមថា ជម្រើសការងារក្រៅស្រុក និងក្នុងស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសូមធ្វើការពិចារណាអំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ ក្នុងនោះការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ រួមមានដូចជា ប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន, កន្លែងការងារនៅក្បែរផ្ទះ និងការចំណាយទាបដែលអាចឱ្យប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបាន។
ជាមួយនេះ ឯកឧត្តម បានក្រើនរម្លឹក និងស្នើឱ្យឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។
សូមជម្រាបជូនថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែងរៀងរាល់សប្តាហ៍ សម្រាប់ប្រជាពលរដ្ឋមានបំណងធ្វើការងារក្នុងវិស័យសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។ នៅក្នុងសប្តាហ៌នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានប្រកាសឱកាសការងាររហូតដល់ទៅចំនួន ៥៣ ៥៥២កន្លែង សម្រាប់អ្នកដែលកំពុងស្វែងរកការងារ៕








