ភ្លៀងធ្លាក់យ៉ាងខ្លាំង បានកើតមាននៅភាគខាងត្បូងប្រទេសឥណ្ឌា នាថ្ងៃពុធ (ទី១៦ តុលា) នេះ ដោយមន្ត្រីឧតុនិយម បានចេញសេចក្ដីប្រកាសអាសន្នពណ៌ក្រហម អំពីទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី។
នាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានព្រមានអំពីភ្លៀងធ្លាក់ «ពីកម្រិតខ្លាំង ទៅខ្លាំងឡើងៗ» ដែលរំពឹងថានឹងកើតមាននៅតំបន់ភាគខាងត្បូងនៃរដ្ឋចំនួន៤ គឺ Tamil Nadu, Andhra Pradesh, Karnataka និង Kerala។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បានវាយលុកភាគខាងត្បូងឥណ្ឌា ចាប់តាំងពីថ្ងៃអង្គារ (ទី១៥ ខែតុលា) ដោយបង្ខំឲ្យសាលារៀនជាច្រើនបិទ និងរំខានដល់សេវារថភ្លើង។ ហើយនៅទីក្រុង Chennai ប្រជាជនបានប្រើប្រាស់ទូកធ្វើដំណើរនៅតាមដងផ្លូវ ដែលមានទឹកឡើងខ្ពស់លិចម៉ាស៊ីនរថយន្ត។
រដ្ឋមន្រ្ដីប្រចាំរដ្ឋ Tamil Nadu លោក M.K. Stalin នៅថ្ងៃទី ១៦ ខែតុលានេះ បាននិយាយថា ការងារជួយសង្គ្រោះទាំងអស់ កំពុងត្រូវបានធ្វើឡើង «យ៉ាងពេញទំហឹង» ហើយក៏បានប្រកាសផ្តល់អាហារឥតគិតថ្លៃនៅភោជនីយដ្ឋានដែលគ្រប់គ្រងដោយរដ្ឋាភិបាលផងដែរ។
គួរជ្រាបដែរថា គ្រោះទឹកជំនន់ និងបំណាក់ដីដែលបណ្ដាលឲ្យអ្នកបាត់បង់ជីវិត គឺមិនមែនជារឿងប្លែកនោះឡើយ នៅទូទាំងប្រទេសអាស៊ីខាងត្បូង ក្នុងរដូវខ្យល់មូសុងនេះ ប៉ុន្តែអ្នកជំនាញលើកឡើងថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យគ្រោះធម្មជាតិនេះកើតឡើងញឹកញាប់ និងមានសភាពធ្ងន់ធ្ងរជាងមុន៕



