
រថយន្តដឹកប្រេង បានផ្ទុះនៅតំបន់ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សយ៉ាងហោច ១០៤នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួស ពេលដែលពួកគេប្រញ៉ាយគ្នាដណ្តើមប្រេងលេចចេញពីសឺទែនរថយន្ត នៅកន្លែងកើតហេតុ ។
នគរបាលនិយាយប្រាប់ BBCថា អគ្គិភ័យ បានឆាបឆេះរថយន្តក្រឡាប់ ដែលត្រូវបានបិទដោយក្រុមមន្រ្តី ក្រោយពេលវាជួបគ្រោះថ្នាក់ ។
ដោយឡែក មនុស្សរាប់រយនាក់ផ្សេងទៀតដែលបានរងរបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងនេះ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យនៅទីក្រុង Ringim ស្ថិតក្នុងរដ្ឋ Jigawa ដោយភាគច្រើននៃពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោក Lawal Shiisu Adam គឺជាអ្នកនាំពាក្យនគរបាលនីហ្សេរីយ៉ា និយាយថា ក្រុមមន្រ្តី បានព្រមានកុំឲ្យមនុស្សទៅជិតរថយន្តដឹកប្រេង ក្រោយឧបទ្ទេវហេតុកើតឡើងនៅយប់ថ្ងៃអង្គារ ប៉ុន្តែពួកគេមិនអាចឃាត់មនុស្សដ៏ច្រើនលើសលប់ទាំងនេះបានឡើយ ។
លោកបាននិយាយប្រាប់ BBCថា ពួកយើងបានប្រឹងអស់ពីសមត្ថភាព ដើម្បីបញ្ឈប់មនុស្សកុំឲ្យទៅកាន់រថយន្ត ដើម្បីដងប្រេង ប៉ុន្តែបើទោះបីជាមានការបិទតំបន់នោះយ៉ាងណាក្តី ពួកយើងគ្មានកម្លាំងគ្រប់គ្រាន់នោះទេ ហើយពេលដែលមនុស្សនាំគ្នាដងប្រេង អគ្គិភ័យក៏បានផ្ទុះឡើង ។
លោកថា គ្រោះថា្នក់នេះ បានកើតឡើងនៅទីក្រុង Majia ស្ថិតក្នុងរដ្ឋភាគខាងជើង Jigawa នាវេលាម៉ោង ២៣ និង ៣០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២២ និង ៣០នាទីម៉ោងសកល) ។

លោកបន្តថា រថយន្តដឹកប្រេង បានធ្វើដំណើរមកពីទីក្រុង Kano ឆ្ពោះទៅកាន់ទីក្រុង Nguru ស្ថិតក្នុងរដ្ឋ Yobe ពេលដែលអ្នកបើកបរបាត់បង់ម្ចាស់ការលើខ្លួនឯង ។
អ្នកបើកបរដែលមិនបានរងរបួសនោះ ត្រូវបានឃាត់ខ្លួន ខណៈនគរបាល បើកការស៊ើបអង្កតលើឧបទ្ទេវហេតុដែលបានកើតឡើង ៕
