នៅថ្ងៃពុធនេះ ក្រុមសកម្មជនអាល់បានី បានបង្ហាញបដាសរសេរថា “ក្តីស្រមៃអឺរ៉ុបបញ្ចប់ត្រឹមទីនេះ” នៅឯកំពង់ផែ Shengjin ក្រោយក្រុមដំបូងនៃជនអន្តោប្រវេសន៍ នឹងត្រូវដំណើរនីតិវិធីសិទ្ធិជ្រកកោននៅប្រទេសអាល់បានីក្រោមកិច្ចព្រមព្រៀងជាមួយអ៊ីតាលី ត្រូវបាននាំមកកាន់កំពង់ផែមួយនេះ ។
រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្រ្តី Giorgia Meloni បានបង្កើតមជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍ ២កន្លែងនៅក្នុងប្រទេសអាល់បានី នៅក្នុងកិច្ចព្រមព្រៀងដំបូងពាក់ព័ន្ធនឹងប្រទេសសមាជិកសហភាពអឺរ៉ុប(EU) ក្នុងការបង្វែរជនអន្តោប្រវេសន៍ទៅកាន់ប្រទេសមិនមែនជាសមាជិក EU ដែលជាកិច្ចខិតខំមួយដើម្បីរារាំងការមកដល់មិនទៀងទាត់ ។
ការប្រកាសសុំសិទ្ធិជ្រកកោនរបស់ជនអន្តោប្រវេសន៍ នឹងត្រូវដំណើរការនៅប្រទេសអាល់បានី ហើយបើសិនជាពួកគេជោគជ័យ ពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់អ៊ីតាលីវិញ ប៉ុន្តែបើសិនជាសំណើរបស់ពួកគេ ត្រូវបានច្រានចោល ពួកគេនឹងត្រូវបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស និយាយថា វាពិបាកសម្រាប់តុលាការអ៊ីតាលីឲ្យដំណើរការសំណើសុំសិទ្ធិជ្រកកោនភ្លាមៗ ឬការតវ៉ាប្រឆាំងការបញ្ជាឃុំខ្លួនពីមនុស្សដែលទទួលដោយប្រទេសមួយផ្សេងទៀត ហើយនីតិវិធីរយៈពេលយូរ អាចនឹងដាក់បន្ទុកដ៏អយុត្តិធម៌លើជនអន្តោប្រវេសន៍ ៕


