
អ្នកស្រី Maribel Nunez គឺជាសកម្មជនសិទ្ធិមនុស្សមួយរូបរបស់សហគមន៍ Afrodescendants បានចាត់ទុកវិធានការដែលបានប្រកាសកាលពីដើមខែតុលានេះដោយសាធារណរដ្ឋដូមីនីក ដើម្បីនិរទេសជនអន្តោប្រវេសន៍ ១ម៉ឺននាក់ក្នុង ១សប្តាហ៍ ថាជាការប្រម៉ាញ់ប្រឆាំងនឹងជនជាតិស្បែកខ្មៅ ។
អ្នកស្រី Maribel បានរិះគន់ទង្វើដែលអ្នកជាប់ឃុំអន្តោប្រវេសន៍ហៃទីទទួលនៅក្នុងមន្ទីរឃុំឃាំង Haina ស្ថិតក្នុងទីក្រុង Santo Domingo ជាទីដែលអនីតិជនត្រូវបាននិរទេសដោយគ្មានអាណាព្យាបាលរបស់ពួកគេ ហើយសូម្បីតែជនជាតិដូមីនីកស្បែកខ្មៅ ត្រូវបានឃុំឃាំងផងដែរ ដោយគ្មានលទ្ធភាពនៃការដោះលែង ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយសាធារណរដ្ឋដូមីនីក ដែលចែករំលែកកោះ Hispaniola ជាមួយប្រទេសហៃទី និយាយថា ពួកគេនឹងនិរទេសជនអន្តោប្រវេសន៍រហូតដល់ ១ម៉ឺននាក់ ក្នុង ១សប្តាហ៍ ដែលនៅក្នុងប្រទេសរបស់ពួកគេដោយខុសច្បាប់ ។ ទីភ្នាក់ងារដូមីនី និយាយថា ពួកគេនឹងអនុវត្តការនិរទេស ខណៈគោរពសិទ្ធិមនុស្ស ។

រដ្ឋាភិបាលដូមីនីក បានដាក់ការស្តីបន្ទោសភាពវឹកវររបស់ហៃទី សម្រាប់ឧក្រិដ្ឋកម្ម និងបញ្ហាសន្តិសុខក្នុងតំបន់គ្រប់គ្រងរបស់ពួកគេនៅលើកោះ Hispaniola ហើយពួកគេនិយាយថា ពួកគេលែងមានការអត់ធ្មត់ទៀតហើយ ដោយសារដំណើរការយឺតយ៉ាវនៃបេសកកម្មសន្តិសុខអន្តរជាតិដែលបានប្រគល់សិទ្ធិឲ្យជួយដោះស្រាយវិបត្តិហៃទី ។
អង្គការសហប្រជាជាតិ(UN) បានស្នើសុំប្រទេសជាច្រើននៅក្នុងតំបន់ឲ្យបញ្ឈប់ការនិរទេសជនជាតិហៃទីទៅកាន់ប្រទេសកំណើតរបស់ពួកគេ ដោយសារតែស្ថានភាពគ្រោះថ្នាក់ខ្លាំង ។
បើសិនជាសាធារណរដ្ឋដូមីនីក ធ្វើតាមផែនការរបស់ពួកគេមែន ចំនួនជនអន្តោប្រវេសន៍និរទេសក្នុង ១ឆ្នាំ នឹងកើនឡើងយ៉ាងឆាប់រហ័សពីចំនួនជនជាតិហៃទីជាង ២០ម៉ឺននាក់ ដែលត្រូវបានបង្ខំឲ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញកាលពីឆ្នាំមុន ។
សូមបញ្ជាក់ថា ជម្លោះក្រុមជនអន្ធពាលហៃទី បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំមនុស្សជាង ៧០ម៉ឺននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕