ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបើកបង្ហាញ “ផែនការជ័យជំនះ” ដែលរំពឹងទុករបស់ខ្លួនកាលពីថ្ងៃពុធ (១៦ តុលា) ដោយអំពាវនាវឱ្យសម្ព័ន្ធមិត្តចាត់វិធានការបន្ទាន់ដើម្បីជួយជំរុញទីក្រុងគីវ ក្នុងពេលវេលាមិនច្បាស់លាស់នៅសមរភូមិ ក្នុងគោលបំណងបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីនៅឆ្នាំក្រោយ។

ខណៈដែលកងកម្លាំងទីក្រុងមូស្គូ បានវាយរុលនៅភាគខាងកើត ហើយអ៊ុយក្រែន កំពុងជួបរដូវរងារដ៏អាក្រក់ លោក Zelenskiy បានប្រាប់សភាថា ផែនការរបស់លោកមានចំណុចសំខាន់ៗចំនួន៥ ដែលរួមមាន ១-ការអញ្ជើញឱ្យចូលរួមជាមួយអង្គការណាតូ ភ្លាមៗដោយគ្មានលក្ខខណ្ឌ ២-ការគាំទ្រអាវុធសម្រាប់ទីក្រុងគីវ ៣-ការរារាំងប្រឆាំងនឹងរុស្ស៊ី ៤-សេដ្ឋកិច្ចយុទ្ធសាស្ត្រដែលមានសក្ដានុពល និងទី៥-អ៊ុយក្រែនពង្រឹងសន្តិសុខណាតូ។

ជាការតបស្នង លោកបានផ្តល់តួនាទីឱ្យលោកខាងលិចក្នុងការអភិវឌ្ឍធនធានរ៉ែធម្មជាតិរបស់អ៊ុយក្រែន ហើយនិយាយថា កងទ័ពអ៊ុយក្រែនអាចពង្រឹងសន្តិសុខរបស់អង្គការណាតូ និងជំនួសកងកម្លាំងអាមេរិកមួយចំនួននៅអឺរ៉ុប។ លោក Zelenskiy និយាយថា ផែនការរបស់លោកគឺចាំបាច់ដើម្បីបង្ខំឱ្យវិមានក្រឹមឡាំង ចូលរួមចរចាដោយស្មោះត្រង់។

ផែនការរបស់លោក បានស្នើឱ្យបង្កើត “កញ្ចប់យុទ្ធសាស្ត្រទប់ស្កាត់អាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ” នៅខាងក្នុងអ៊ុយក្រែន ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី និងបំផ្លាញអំណាចយោធារបស់ទីក្រុងមូស្គូ។ លោកមិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែបាននិយាយថាមានការបន្ថែមសម្ងាត់ដែលលោកមិនអាចបង្ហាញបាន៕