កំពង់ឆ្នាំង ៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៦និង១៧ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់ទៀត រស់នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានមកពិនិត្យព្យាបាលជម្ងឺ ដែលក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះទៅពិនិត្យព្យាបាលដល់មូលដ្ឋាន និងបានសម្ដែងការអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីធានាបាននូវសុខុមាលភាពនៅក្នុងសង្គមអោយកាន់តែមានភាពប្រសើរឡើង ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងថា នៅថ្ងៃនេះ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រួមនឹងរថយន្តគ្លីនិក ដែលភ្ជាប់ជាមួយឧបករណ៍បរិក្ខាពេទ្យទំនើប បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសពិនិត្យលើជម្ងឺរបេង ឡើងជាតិស្ក និងជំងឺឡើងឈាម ។ ការនាំយកនូវសេវាសុខាភិបាលមកដល់មូលដ្ឋានបែបនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខមាលប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ ការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានបែបនេះ គឺជាលើកទី៣២ហើយក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តបានចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានជំងឺ ដូចជានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដើម្បីផ្តល់នូវភាពងាយស្រួលបន្ថែមទៀតជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យសុខភាពពួកគាត់កាន់តែភាពប្រសើរឡើងថែមទៀត និងបានចូលរួមកាត់បន្ថយជាមួយការចំណាយរបស់បងប្អូនផងដែរ។
តំណាងប្រជាពលរដ្ឋបានអោយដឹងថា៖ ពួកគាត់ពិតជាសប្បាយចិត្តណាស់ ក្រោយឃើញវត្តមានរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋានបែបនេះ ដោយមិនគិតសេវា ពេលវេលា ឬប្រាក់កម្រៃអ្វីឡើយ។ ការចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋបែបនេះ គឺប្រជាពលរដ្ឋទាំងអស់ទទួលបានប្រយោជន៍ច្រើនណាស់ គឺមិនចាំបាច់ចំណាយថវិការក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ មិនបាច់ធ្វើដំណើរឆ្លងកាត់គ្រោះថ្នាក់តាមផ្លូវ មិនបាច់ចំណាយថវិការលើថ្នាំសង្កូវ និងបានប្រាស្រ័យទាក់ទងគ្នាល្អជាមួយក្រុមគ្រូពេទ្យទាំងអស់ទៀតផង។ ក្នុងនាមប្រជាពលរដ្ឋ សុំថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ដែលបានយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទបែបនេះ៕ កាំង ហុងវាស្នា