នគរបាល និងអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋ បាននិយាយកាលពីថ្ងៃពុធថា រថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់នៅក្នុងរដ្ឋ Jigawa ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីអ្នកបើកបររថយន្តបានបាត់បង់ការគ្រប់គ្រងរថយន្ត ដោយរថយន្តបានកំពប់ប្រេងសាំងផ្ទះឆាបឆេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤៧នាក់ស្លាប់ ។

ឧបទ្ទវហេតុនេះ គឺជារឿងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលថ្មីៗនេះនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិក ដោយកំពុងប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខនិងវិបត្តិក្នុងការចំណាយលើជីវភាពរស់នៅ។

ប្រធានអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋ Jigawa បានដាក់ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះមានចំនួន១៤៧នាក់។
អ្នកនាំពាក្យនគរបាលតំបន់ លោក Lawan Shiisu Adam បាននិយាយថា រថយន្តដឹកប្រេងនេះកំពុងធ្វើដំណើរពីទីក្រុងបុរាណ Kano ទៅកាន់រដ្ឋ Yobe នៅភាគខាងជើង នៅពេលនោះអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងបណ្តាលឱ្យរថយន្តក្រឡាប់ និងកំពប់ប្រេងឥន្ធនៈ។
លោក Adam និយាយថា អ្នកភូមិបានព្យាយាមកើបយកប្រេងសាំងដែលកំពប់ បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះហ៊ុមព័ទ្ធនៅទីតាំងនោះ ហើយតាមសេចក្តីរាយការណ៍ថាបានបណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់។ លោក Adam បាននិយាយបន្ថែមថា មនុស្ស៥០នាក់ផ្សេងទៀតបានរងរបួស ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។