អនុរដ្ឋមន្ត្រីការបរទេសប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ហើយបានព្រមព្រៀងថាប្រទេសទាំងបីនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់ឥរិយាបទបែបនេះ។

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក អូកាណុ ម៉ាសាតាកា (Okano Masataka) អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឃើត ខេមបេល (Kurt Campbell) និងអនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង លោក គីម ហុង ក្យុន (Kim Hong-kyun) បានចូលរួមការពិភាក្សាដែលធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ។

កូរ៉េខាងជើងក្នុងខែនេះបានចោទប្រកាន់កូរ៉េខាងត្បូងថាបានបញ្ជូនយានដ្រូនចូលដែនអាកាសរបស់ទីក្រុងព្យុងយ៉ាងដើម្បីទម្លាក់ខិត្តប័ណ្ណ ហើយបានគំរាមសងសឹក។ អ្នកការទូតទាំងបី រូបបានផ្លាស់ប្តូរយោបល់អំពីរបៀបឆ្លើយតបទៅកាន់កូរ៉េខាងជើង។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ អ្នកការទូតកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានថ្កោលទោសទង្វើដោយចេតនារបស់កូរ៉េខាងជើង ដែលបង្កឱ្យមានភាពតានតឹងនៅឧបទ្វីបកូរ៉េ។
លោកបានបន្ថែមថា ប្រទេសទាំងបីបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្រោមការសម្របសម្រួលត្រីភាគីយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏បានប្រកាសដាក់ចេញក្រុមចម្រុះថ្មី បំណងតាមដានការពង្រឹងទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ៕