នគរបាលអាហ្សង់ទីន បាននិយាយកាលពីថ្ងៃពុធ (១៦ តុលា) ថា អតីតតារាចម្រៀងក្រុម វ័ន ដាយរិកស៊ិន (One Direction) លោក លៀម ផេន (Liam Payne) ត្រូវបានប្រទះឃើញស្លាប់នៅខាងក្រៅសណ្ឋាគារមួយក្នុងទីក្រុង ប៊ុយណូស៊ែរ (Buenos Aires) បន្ទាប់ពីបុរសវ័យ ៣១ឆ្នាំរូបនេះ ធ្លាក់ពីលើរានហាលបន្ទប់សណ្ឋាគារជាន់ទី៣ របស់ខ្លួន ខណៈការស៊ើបអង្កេតលើមូលហេតុស្លាប់កំពុងបន្ត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលរដ្ឋធានីនិយាយថា ពួកគេទទួលបានការហៅទូរសព្ទឱ្យចុះទៅកាន់សណ្ឋាគារនៅក្នុងតំបន់ ប៉ាលែរម៉ូ (Palermo) ដោយមានគេជូនដំណឹងថា “បុរសម្នាក់ធ្វើសកម្មភាពកម្រោល ដែលអាចស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង”។

សេចក្តីថ្លែងការណ៍បន្តថា អ្នកគ្រប់គ្រងសណ្ឋាគារប្រាប់ថា ខ្លួនបានលឺសំលេងខ្លាំងៗនៅខាងក្រោយសណ្ឋាគារ ហើយនៅពេលនគរបាលទៅដល់ ពួកគេក៏ប្រទះឃើញថាបុរសម្នាក់បានធ្លាក់ពីលើរានហាលបន្ទប់របស់ខ្លួនដោយមានរបួសធងន់ធ្ងរ។ បុគ្គលិកសង្គ្រោះបន្ទាន់ បានបញ្ជាក់ពីការស្លាប់នៅនឹងកន្លែងរបស់តារាចម្រៀងជនជាតិអង់គ្លេសរូបនោះ។

ពិភពចម្រៀងបានសម្ដែងការសោកស្ដាយលើបណ្ដាញសង្គម ដោយផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកស្លាប់។ គួររម្លឹកថា លោក Payne ទទួលបានភាពល្បីល្បាញថាជាផ្នែកមួយនៃក្រុមចម្រៀងប៉ុប One Direction ដែលត្រូវបានរំសាយក្រុមជាយូរមកហើយ។ ក្រុមនេះត្រូវបានគេហៅថា វ័នឌី (1D) ដែលជាក្រុមចម្រៀងបុរសអង់គ្លេស-អៀរឡង់ ដែលមានសមាជិកទាំងអស់ ៥នាក់៕