ភ្នំពេញ៖ ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៨ តុលា ២០២០ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារផ្នែកជំងឺកូវីដ១៩ VIP។
ឯកឧត្តម សាស្ត្រចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា អគារថ្មីនេះ មានសមត្ថភាព និងសម្ភារៈ បរិក្ខារពេទ្យទំនើប អាចទទួលអ្នកមានជំងឺកូវីដ១៩ ទាំងជនជាតិខ្មែរ និងជនបរទេស ឲ្យចូលមកសម្រាកព្យាបាលជំងឺ បានចំនួនប្រមាណជាង៦០នាក់។
អគារផ្នែកជំងឺកូវីដ១៩ ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺកូវីដ១៩ ទាំងអគារដែលមានស្រាប់ និងអគារថ្មីផងដែរ។
ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨៣នាក់ នៅក្នុងចំនួនខាងលើនេះ មានស្រី ៥៧នាក់ និងបុរស២២៦នាក់ អ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប ២៩០នាក់ នឹងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យភាពខ្មែរ សូវៀត រាជធានីភ្នំពេញ មានចំនួន០៧នាក់ ក្នុងនោះ មានបុរសជនជាតិខ្មែរ ០៣នាក់ ស្រី្តជនជាតិខ្មែរ០១នាក់ បុរសជនជាតិប៉ូឡូញ០១នាក់ បុរសជនជាតិបារាំង ០១នាក់ និងស្រី្តជនជាតិបារាំង០១នាក់។
ដោយឡែកសម្រាប់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ចាប់តាំងពីមានជំងឺកូវីដ១៩កើតឡើង មនី្ទរពេទ្យបានធ្វើតេស្កយកសំណាកទៅមនី្ទរពិសោធន៍រកមេរោគកូវីដ១៩ បានចំនួនជាង១ម៉ឺននាក់ ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយពីជំងឺកូវីដ១៩ បានចំនួនជាង ៥០នាក់ផងដែរ៕ អត្ថបទ៖ រដ្ឋា
