នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃពុធ បាននិយាយថា ប្រទេសឥណ្ឌា បានធ្វើឲ្យមាន «កំហុសដ៏គួរឱ្យព្រួយបារម្ភ» ដោយគិតថា វាអាចជាការជ្រៀតជ្រែកយ៉ាងខ្លាំង ដូចដែលប្រទេសនេះបានធ្វើតាមដែលចោទប្រកាន់ នៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកាណាដា។

លោក Trudeau បាននិយាយដូច្នេះ រយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសកាណាដា បានបណ្តេញអ្នកការទូតឥណ្ឌា៦នាក់ ដោយភ្ជាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅក្នុងប្រទេសកាណាដា និងបានចោទប្រកាន់ថាមានកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់គោលដៅទៅលើអ្នកប្រឆាំងឥណ្ឌា។

ការអត្ថាធិប្បាយរបស់មេដឹកនាំកាណាដា គឺខ្លាំងក្លាបំផុត ដែលលោកបានធ្វើនៅក្នុងជម្លោះរយៈពេលមួយឆ្នាំ ដោយបានធ្វើឱ្យទំនាក់ទំនងទ្វេភាគី ធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ។
លោកបានប្រាប់ក្រុមស៊ើបអង្កេតឯករាជ្យមួយចំពោះការជ្រៀតជ្រែកពីបរទេសនៅក្នុងនយោបាយរបស់ប្រទេសកាណាដា ថា «រដ្ឋាភិបាលឥណ្ឌា បានធ្វើកំហុសដ៏គួរព្រួយបារម្ភ ក្នុងការដែលគិតថាពួកគេអាចជ្រៀតជ្រែកបាន ខណៈពួកគេបានធ្វើនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកាណាដា»។

លោក Trudeau និយាយថា ទីក្រុង Ottawa អាចចាត់វិធានការបន្ថែមទៀតដើម្បីធានាបានសន្តិសុខសម្រាប់ពលរដ្ឋកាណាដា។
ជាមួយគ្នានេះ ប្រទេសឥណ្ឌា បានច្រានចោលការចោទប្រកាន់ពីការជ្រៀតជ្រែក និងបានបណ្តេញអ្នកការទូតកាណាដា ចំនួន៦នាក់ នៅក្នុងចំណាត់ការមួយជាការសងសឹក។