គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន អាចប្រឈមនឹងការបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាប នេះបើយោងតាមការស្ទង់មតិប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតថ្ងៃទី២៧ ខែតុលា មានន័យថាបក្សនេះទំនងជាត្រូវពឹងផ្អែកលើដៃគូចម្រុះ កូម៉ីតូ (Komeito) របស់ខ្លួនដើម្បីបន្តកាន់អំណាច។

សារព័ត៌មាននីកគី (Nikkei) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៧ តុលា) នេះថា គណបក្សប្រជាធិបតេយ្យសេរី (LDP) ប្រហែលជាមិនទទួលបាន ២៣៣អាសនៈ ដែលខ្លួនត្រូវការសម្រាប់សំឡេងភាគច្រើនទាំងស្រុងនៅក្នុងសភាដែលមាន ៤៦៥អាសនៈ នោះទេ។ បក្ស LDP បានគ្រប់គ្រងសភាដោយពុំមានការរំខានចាប់តាំងពីខ្លួនបានកាន់អំណាចក្នុងឆ្នាំ២០១២មក បន្ទាប់ពីរយៈពេលបីឆ្នាំក្នុងនាមជាបក្សប្រឆាំង។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ស៊ីហ្កេរុ អ៊ីស៊ីបា (Shigeru Ishiba) បានពឹងផ្អែកលើដៃគូចម្រុះ Komeito រួចទៅហើយសម្រាប់សំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់។ ការពង្រីកការពឹងផ្អែកបន្ថែមទៀតនៅសភាជាន់ទាបនោះ អាចផ្តល់ឱ្យក្រុមនេះអាចបញ្ចេញសំឡេងកាន់តែខ្លាំងក្នុងការបង្កើតគោលនយោបាយ។
លោក ម៉ៃខល ឃូសេក (Michael Cucek) សាស្ត្រាចារ្យជំនាញផ្នែកនយោបាយនៅសាកលវិទ្យាល័យ ថេមផល (Temple) ក្នុងទីក្រុងតូក្យូ បាននិយាយថា “ខ្ញុំគិតថា LDP ដោយរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន Komeito នឹងគ្របដណ្តប់សំឡេងភាគច្រើនដែលត្រូវការ”។
បក្ស Komeito មានឆន្ទៈតិចជាង LDP ក្នុងការអោបក្រសោបគោលនយោបាយនានា រួមទាំងការផ្តល់ឱ្យយោធារបស់ជប៉ុននូវមីស៊ីលរយៈចម្ងាយឆ្ងាយ និងការដកការរឹតបន្តឹងលើការនាំចេញអាវុធ ដែលបានបញ្ឈប់ទីក្រុងតូក្យូ ពីការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន៕