កងជីវពលឥស្លាមអ៊ីរ៉ាក់កាលពីថ្ងៃពុធ បានប្រកាសពីស្ថានភាពនៃការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសង្កត់ធ្ងន់ថា ក្រុមតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ មាន«ការកំណត់គោលដៅ»ទៅលើមូលដ្ឋានទ័ពនិងនាវា យោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ។

ចលនាក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ al-Nujaba បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«មូលដ្ឋានយោធា និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកទាំងអស់ នៅក្នុងតំបន់ គឺស្ថិតនៅក្នុងគោលដៅរបស់ក្រុមតស៊ូអ៊ីរ៉ាក់»។
ចលនានេះ បានបន្ថែមថា ក្រុមប្រដាប់អាវុធទាំងអស់របស់ក្រុមតស៊ូឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាអង្គការសម្របសម្រួលសម្រាប់កងជីវពលអ៊ីរ៉ាក់ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសង្កត់ធ្ងន់ថា មូលដ្ឋានទ័ព និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក «នឹងត្រូវកំណត់គោលដៅ ចាប់ពីពេលនេះតទៅ»។

មុននេះ លោក អាប៊ូ អាលី អាស្ការី ( Abu Ali al-Askari) មេដឹកនាំសន្តិសុខនៃកងជីវពលហេសបូឡាស៊ីអ៊ីតអ៊ីរ៉ាក់ Kata'ib បានព្រមានជាថ្មីថា ការឆ្លើយតបរបស់កងជីវពលរបស់ខ្លួន នឹងមិនត្រូវបានកំណត់ចំពោះតែអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែនឹងរួមបញ្ចូលវត្តមានរបស់សហរដ្ឋអាមេរិកទាំងមូល ប្រសិនបើអ៊ីស្រាអែល វាយលុកលើប្រទេសអ៊ីរ៉ាក់ ឬប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ខ្លួន ដើម្បីវាយប្រហារអ៊ីរ៉ង់។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានធ្វើការវាយប្រហារជាច្រើនលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។