យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ បានឲ្យដឹងថា មេដឹកនាំសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសឈូងសមុទ្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូង រវាងសហភាពអឺរ៉ុប និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលក្រុមនេះមានប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ប្រទេសទាំងនេះបានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្សា ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន និងដំណើរការចូលសម្រាប់ផ្នែកមនុស្សធម៌ទៅដល់ប្រជាជនស៊ីវិល ដោយគ្មានការរារាំង ។

សេចក្តីថ្លែងការណ៍បាននិយាយថា «យើងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការប្តេជ្ញាឥតងាករេចំពោះការទទួលបានសិទ្ធិរបស់ពលរដ្ឋប៉ាឡេស្ទីនក្នុងការសម្រេចចិត្តដោយខ្លួនឯងតាមរយៈដំណោះស្រាយរដ្ឋពីរ នៅកន្លែងដែលអ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅក្បែរគ្នាដោយសន្តិភាព ក្នុងព្រំដែនមានសុវត្ថិភាព។
សេចក្តីថ្លែងការណ៍ និយាយថា ប្រទេសទាំងអស់នេះ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកធំជម្លោះដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសលីបង់ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់។
សេចក្តីថ្លែងការណ៍និយាយថា «យើងនឹងធ្វើការរួមគ្នាដើម្បីធ្វើឲ្យប្រសើរចំពោះសន្តិសុខ និងវិបុលភាពសកលនិងក្នុងតំបន់ រួមទាំងការទប់ស្កាត់ការលេចចេញ និងការកើនឡើងជម្លោះ ព្រមទាំងដោះស្រាយវិបត្តិ ដោយការពង្រឹងកិច្ចសន្ទនា ការសម្របសម្រួល និងការចូលរួមរបស់យើង។