បេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បាននិយាយ កាលពីថ្ងៃពុធថា មនុស្សចំនួន៤៤២នាក់ ត្រូវបានសម្លាប់នៅចន្លោះខែមេសា ដល់ខែមិថុនា ក្នុងប្រទេសអាហ្វ្រិកមួយនេះ។ បេសកកម្មនេះ បានរាយការណ៍ពីការកើនឡើង៤៣ភាគរយនៃករណីអំពើហិង្សា និងការកើនឡើង២២ភាគរយនៃចំនួនជនរងគ្រោះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយស្ត្រី និងកុមារគឺអ្នកជនរងគ្រោះបំផុត។

បេសកកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញនៅក្នុងទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងថា បេសកកម្មរបស់អង្គការសហប្រជាជាតិ បានកត់ត្រាឧប្បត្តិហេតុចំនួន៣១៧ករណី ដែលប៉ះពាល់ដល់ជនស៊ីវិលយ៉ាងហោចណាស់១.០៦២នាក់ ក្នុងនោះមានស្ត្រី១៦០នាក់ និងកុមារ១៨៨នាក់ ហើយក្នុងចំណោមជនស៊ីវិលរងការប៉ះពាល់នេះ ៤២២នាក់ត្រូវបានសម្លាប់ ២៩៧នាក់រងរបួស ១៩៧នាក់ត្រូវបានចាប់ពង្រត់ និង១២៦នាក់ទទួលរងអំពើហិង្សាផ្លូវភេទ។

លោក Nicholas Haysom អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ខាងត្បូង បាននិយាយថា ការកើនឡើងគួរឱ្យកត់សម្គាល់នៃឧបទ្ទវហេតុហិង្សា ជាពិសេសការចាប់ពង្រត់ និងការវាយប្រហារលើស្ត្រី គឺជាការ «គួរឱ្យព្រួយបារម្ភ និងត្រូវតែបញ្ឈប់»។
លោកបានជំរុញឱ្យរដ្ឋាភិបាលប្រទេសស៊ូដង់ខាងត្បូង ការពារជនស៊ីវិលតាមរយៈការទប់ស្កាត់វដ្តនៃអំពើហិង្សាដដែលៗ ការស៊ើបអង្កេតពីការរំលោភបំពាន ការរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងនាំយកអ្នកប្រព្រឹត្តឱ្យមកទទួលខុសត្រូវតាមច្បាប់។