ចៅក្រមកាលពីថ្ងៃពុធ (១៦ តុលា) បានលុបចោលការផ្លាស់ប្តូរដ៏ចម្រូងចម្រាសលើច្បាប់បោះឆ្នោតរដ្ឋ ចចា (Georgia) ធ្វើឡើងដោយក្រុមប្រឹក្សារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដោយនេះជាការបរាជ័យចុងក្រោយបំផុតសម្រាប់សម្ព័ន្ធមិត្តរបស់លោក Donald Trump ក្នុងការស្វះស្វែងផ្លាស់ប្តូររបៀបរាប់សន្លឹកឆ្នោតរបស់រដ្ឋប្រទាញប្រទង់មួយនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា។

លោកចៅក្រម ថូម៉ាស ខក (Thomas Cox) បានទម្លាក់ចោលច្បាប់ថ្មីជាច្រើន ដែលត្រូវបានពិពណ៌នាដោយអ្នកសាធារណរដ្ឋថា ជាវិធានការសន្តិសុខបោះឆ្នោតចាំបាច់ ប៉ុន្តែត្រូវបានជំទាស់ដោយបក្សប្រជាធិបតេយ្យ ដែលនិយាយថាច្បាប់ទាំងនោះមានបំណងរារាំងការបញ្ជាក់លទ្ធផលនៅក្នុងរដ្ឋដែលអាចមានសារៈសំខាន់ក្នុងការជ្រើសរើសប្រធានាធិបតីបន្ទាប់។

លោក Cox បាននិយាយថា ច្បាប់ទាំងនោះ រួមទាំងច្បាប់មួយដែលនឹងផ្តល់សិទ្ធិអំណាចដល់មន្ត្រីមូលដ្ឋានក្នុងការស៊ើបអង្កេតភាពមិនប្រក្រតី និងពិនិត្យមើលឯកសារដែលទាក់ទងនឹងការបោះឆ្នោត រួមទាំងការតម្រូវឱ្យបុគ្គលិករាប់សន្លឹកឆ្នោតដោយផ្ទាល់ដៃ គឺផ្ទុយនឹងច្បាប់រដ្ឋ។ ចៅក្រមបានបញ្ជាឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ដកច្បាប់ថ្មីនោះចេញជាបន្ទាន់ ហើយជូនដំណឹងដល់មន្ត្រីរៀបចំការបោះឆ្នោតថាច្បាប់នោះគ្មានសុពលភាព។

រដ្ឋ Georgia ជាទីដែលការបោះឆ្នោតមុនថ្ងៃកំណត់បានចាប់ផ្តើមកាលពីថ្ងៃអង្គារ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋប្រទាញប្រទង់ចំនួនប្រាំពីរ ដែលត្រូវបានគេរំពឹងថានឹងកំណត់អ្នកឈ្នះតំណែងប្រធានាធិបតីរវាងលោកស្រី Kamala Harris និងលោក Trump។ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រូវបានសម្រេចតាមរយៈលទ្ធផលតាមរដ្ឋនីមួយៗ មិនមែនដោយសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជាតិនោះទេ៕