អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ បានជំរុញឲ្យអ៊ីស្រាអែល ផ្តល់ការអនុញ្ញាតចូលទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលអំពើហិង្សាដែលកំពុងកើនឡើង បានរារាំងបេសកកម្មមនុស្សធម៌ មិនឲ្យផ្តល់ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗ។

ចំពេលមានភាពចលាចល អង្គការ WHO និងដៃគូរបស់ខ្លួន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងជុំទីពីរ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងចាក់វ៉ាក់សាំងដល់កុមារជាងកន្លះលាននាក់។
ប្រធានអង្គការ WHO លោក តេដ្រូស អាដហាណុម ហ្គឺប្រ៊ីយេស៊ូស ( Tedros Adhanom Ghebreyesus) បានសរសេរនៅលើបណ្តាញសង្គម X ថា៖«ចំនួនកុមារសរុបដែលបានទទួលវ៉ាក់សាំងជំងឺស្វិតដៃជើងលើកទី ២ នៅកណ្តាលតំបន់ហ្កាហ្សា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេលពីរថ្ងៃ គឺ ១៥៦.៩៤៣នាក់»។
ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សាដែលកំពុងបន្ត គំរាមកំហែងដល់គោលដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៩០ភាគរយនៃកុមារ ដែលជាគោលដៅសំខាន់ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ។ បន្ថែមពីលើវ៉ាក់សាំងការពារជំងឺស្វិតដៃជើង កុមារ កំពុងទទួលបានថ្នាំគ្រាប់វីតាមីន A ដើម្បីពង្រឹងភាពស៊ាំរបស់ពួកគេ។
អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដោយរាយការណ៍ថា ក្នុងចំណោមបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន ៥៤ ដែលបានគ្រោងទុក ទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ក្នុងខែតុលា មានតែបេសកកម្មមួយប៉ុណ្ណោះដែលត្រូវបានបញ្ចប់ដោយជោគជ័យ ចំណែកបេសកកម្មផ្សេងទៀត ត្រូវបានលុបចោល ឬរារាំងដោយសារតែជម្លោះ។