រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងយោធាអាមេរិក បានធ្វើការវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងទីតាំងផ្ទុកអាវុធក្រោមដីដ៏រឹងមាំចំនួន ៥កន្លែង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៃប្រទេសយេម៉ែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការពារជាតិអាមេរិក លោក Austin ក៏បានបញ្ជាក់ផងដែរថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 រយៈចម្ងាយឆ្ងាយ ត្រូវបានប្រើប្រាស់ ក្នុងការវាយប្រហារតាមអាកាសសំដៅលើទីតាំង «ផ្ទុកនូវសមាសធាតុសព្វាវុធជាច្រើនប្រភេទដែលក្រុមហ៊ួទីបានប្រើ ដើម្បីកំណត់គោលដៅលើនាវាស៊ីវិល និងយោធា នៅទូទាំងតំបន់។
លោកបាននិយាយថា៖«ការងាររបស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរយៈចម្ងាយឆ្ងាយ B-2 Spirit របស់កងទ័ពអាកាសអាមេរិក បង្ហាញពីសមត្ថភាពវាយប្រហារសកលរបស់សហរដ្ឋអាមេរិក ដើម្បីចាត់វិធានការប្រឆាំងនឹងគោលដៅទាំងនេះ នៅពេលចាំបាច់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
ពុំទាន់ដឹងច្បាស់ថា មានការខូចខាតអ្វីខ្លះនៅក្នុងការវាយប្រហារនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាពិតជាកម្រណាស់សម្រាប់យន្តហោះទម្លក់គ្រាប់បែក B-2 Spirit ដែលត្រូវប្រើក្នុងការវាយប្រហារសំដៅទៅលើក្រុមហ៊ួទី ដែលបានវាយប្រហារនាវាជាច្រើនខែ នៅក្នុងច្រករបៀងសមុទ្រក្រហម ដោយសារសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។