របាយការណ៍កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សជាងមួយពាន់លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រដ៏ធ្ងន់ធ្ងរ នៅទូទាំងពិភពលោក ដោយកុមារមានចំនួនជាងពាក់កណ្តាលនៃអ្នកដែលរងផលប៉ះពាល់។
របាយការណ៍ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវភាពក្រីក្រនិងអភិវឌ្ឍន៍ធនធានមនុស្ស [Oxford Poverty and Human Development Initiative (OPHI)] បានគូសបញ្ជាក់ថា អត្រានៃភាពក្រីក្រ គឺខ្ពស់ជាង ៣ដង នៅក្នុងប្រទេសដែលមានសង្រ្គាម ខណៈដែលឆ្នាំ ២០២៣ បានឃើញជម្លោះច្រើនបំផុតនៅជុំវិញពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២។
អង្គការ UNDP និង OPHI បានចេញផ្សាយសន្ទស្សន៍វាស់វែងភាពក្រីក្ររបស់ពួកគេជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១០ ដោយប្រមូលទិន្នន័យពីប្រទេសចំនួន ១១២ ដែលមានប្រជាជនសរុបចំនួន៦,៣ពាន់លាននាក់។ ការវាស់វែង ប្រើប្រាស់សូចនាករមួយចំនួនដូចជា កង្វះលំនៅឋានគ្រប់គ្រាន់ អនាម័យ អគ្គិសនី ប្រេងឥន្ធនៈ អាហាររូបត្ថម្ភ និងការចូលរៀន។
លោក Yanchun Zhang ប្រធានស្ថិតិនៅ UNDP បាននិយាយថា៖«ឆ្នាំ ២០២៤ សន្ទស្សន៍វាស់វែងភាពក្រីក្រ បានបង្ហាញថា ប្រជាជន១,១ពាន់លាននាក់ បានស៊ូទ្រាំនឹងភាពក្រីក្រ ដែលក្នុងនោះ ៤៥៥លាននាក់រស់ នៅក្នុងស្រមោលនៃជម្លោះ»។
លោក Zhang បានប្រាប់សារព័ត៌មាន AFP ថា៖«សម្រាប់ជនក្រីក្រនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះ ការតស៊ូដើម្បីតម្រូវការមូលដ្ឋាន គឺជាការប្រយុទ្ធដ៏ស្វិតស្វាញ និងប្រកបដោយគ្រោះថ្នាក់។