ភ្នំពេញ ៖ យុវជន និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៨ នៃខណ្ឌ៧មករា រាជធានីភ្នំពេញ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើងពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺបានចូលរួមជួយការពារជំងឺកូវីដ-១៩ និងកូវីដ-១៩បំប្លែងថ្មី ដែលកំពុងរីករាលដាល។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ដូសទី៣ ឬដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ យុវជន និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងសាលាបឋមសិក្សាបាក់ទូក បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អ និងរឹងមាំ។
ដូច្នេះពួកគាត់សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
បើតាមលោក ណុប វណ្ណា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ខណ្ឌ៧មករា បានឲ្យដឹងថា សម្រាប់យុទ្ធការដំបូងនៃដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋខណ្ឌ៧មករា នៅព្រឹកនេះ យើងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋចំនួន៣សង្កាត់ គឺសង្កាត់អូរឬស្សី១ សង្កាត់អូរឬស្សី៣ និងសង្កាត់បឹងព្រលិត ចំនួន៨៥០នាក់ និងរសៀលចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋចំនួន២សង្កាត់ទៀត គឺសង្កាត់អូរឬស្សី២ និងសង្កាត់អូរឬស្សី៤ ចំនួន៥០០នាក់។
តាមផែនការថ្នាក់ជាតិ គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣នេះ មានរយៈពេល១៤ថ្ងៃ ហើយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលត្រូវមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មានចំនួនសរុប៣៣៦៧៥នាក់៕
អត្ថបទ រដ្ឋា







