អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller កាលពីថ្ងៃពុធ (ទី១៦ ខែតុលា) បាននិយាយថា ប្រទេសអ៊ីស្រាអែលមានសិទ្ធិវាយប្រហារក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ទោះបីជាក្រុមនេះអាចនឹងលាក់ខ្លួនក្នុងអគារជនស៊ីវិល នៅប្រទេសលីបង់ក៏ដោយ ក៏ប៉ុន្តែគួរតែធ្វើឡើងក្នុងវិធីមួយដែលការពារអាយុជីវិតជនស៊ីវិល។
នៅពេលសួរដែលត្រូវបាន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អំពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានបំផ្លាញទីស្នាក់ការកណ្តាលទីក្រុង Nabatieh នៅភាគខាងត្បូងលីបង់ ដែលបានសម្លាប់មនុស្ស ១៦នាក់ ក្នុងនោះមានរួមទាំងអភិបាលក្រុងផងដែរ លោក Miller បានឆ្លើយតបថា លោកមិនអាចធ្វើអត្ថាធិប្បាយលើការវាយប្រហារជាក់លាក់នេះទេ ប៉ុន្តែលោកនិយាយថា៖ «យើងមិនចង់ឃើញអគារស៊ីវិលត្រូវបានបំផ្លាញនោះឡើយ»។
លោកបានលើកឡើងថា៖ «យើងយល់ថា ក្រុមហេសបូឡា ធ្វើប្រតិបត្តិការពីក្រោមលំនៅឋានជនស៊ីវិល នៅខាងក្នុងផ្ទះជនស៊ីវិល។ យើងបានឃើញវីដេអូដែលបានលេចឡើងក្នុងរយៈពេល ២សប្តាហ៍កន្លងមកមកនេះ ដែលបង្ហាញឲ្យឃើញគ្រាប់រ៉ូកែត និងអាវុធយោធាផ្សេងទៀតទុកនៅក្នុងផ្ទះជនស៊ីវិល»។
លោក Miller បានបន្ថែមថា៖ «អ៊ីស្រាអែលមានសិទ្ធិតាមប្រមាញ់គោលដៅស្របច្បាប់ទាំងនោះ ប៉ុន្តែពួកគេត្រូវធ្វើឡើងក្នុងរបៀបមួយដែលការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការពារជនស៊ីវិល»។
លោក Miller បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រការលុកលុយមានការកំណត់ច្បាស់លាស់របស់អ៊ីស្រាអែល ដើម្បីវាយប្រហារ និងកម្ចាត់ក្រុមហេសបូឡា ប៉ុន្តែសហរដ្ឋអាមេរិកប្រឆាំងនឹងយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងទូលំទូលាយលើទីក្រុងបេរូត និងការវាយប្រហារដែលមិនបញ្ចៀសគ្រោះថ្នាក់ដល់ជនស៊ីវិល៕