ជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា នឹងគ្របដណ្ដប់លើរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបរយៈពេលពីរថ្ងៃជាទៀងទាត់ ដោយនាំឲ្យមេដឹកនាំសហភាពអឺរ៉ុបទាំងអស់ជួបជុំគ្នា នៅទីក្រុងប្រ៊ុចសែល។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា លោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Vladimir Zelensky) ឲ្យបង្ហាញនូវអ្វីដែលគេហៅថា ផែនការជ័យជម្នះរបស់លោក ទៅកាន់ប្រមុខរដ្ឋ និងរដ្ឋាភិបាលសហភាពអឺរ៉ុប។ មន្ត្រីសហភាពអឺរ៉ុបម្នាក់ បានប្រាប់អ្នកសារព័ត៌មាន នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលថា សហភាពនេះ សង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីការជំរុញជំនួយយោធាដល់អ៊ុយក្រែន។
នៅក្នុងលើកឡើងបស់លោក ក្រុមមេដឹកនាំសហភាពអឺរ៉ុប នឹងពិនិត្យមើលពីវឌ្ឍនភាពក្នុងការផ្គត់ផ្គង់រដ្ឋាភិបាលក្រុងគីវនូវសមត្ថភាពការពារដែនអាកាស គ្រាប់រំសេវ និងមីស៊ីល ក៏ដូចជាពិចារណាលើវិធានការគាំទ្រក្នុងក្របខណ្ឌនៃកន្លែងសន្តិភាពអឺរ៉ុប និងក្នុងទម្រង់ជាជំនួយទ្វេភាគីពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។
លោកបានបន្ថែមថា ពួកគេ នឹងធ្វើឲ្យមានការរីកចម្រើនក្នុងការអនុវត្តគម្រោង ដើម្បីប្រើប្រាស់ប្រាក់ចំណូលដែលបង្កើតដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកសម្រាប់គាំទ្រអ៊ុយក្រែន។
ជាចុងក្រោយ ប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់សហភាពអឺរ៉ុប នឹងពិភាក្សាអំពីវិធានការពង្រឹងវិស័យផលិតថាមពលរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ក្នុងរយៈពេលរហូតដល់រដូវរងា។