ដោយមានទិដ្ឋភាពស្ងប់ស្ងាត់ តាំងពីលើកំពូលភ្នំ បន្ទប់គេងបួន និងភាពងាយស្រួលក្នុងការដើរចុះទៅកាន់ឆ្នេរ ផ្ទះដែលសាងសង់ឡើងដោយស្ថាបត្យកម្ម នៅភាគខាងជើងនៃទីក្រុងស៊ីដនី មានភាពទាក់ទាញយ៉ាងច្រើន។ ហើយសូម្បីលោកនាយករដ្ឋមន្ត្រីក៏ចាប់អារម្មណ៍ដែរ។
ប៉ុន្តែមេដឹកនាំអូស្ត្រាលី លោក Anthony Albanese ពេលនេះ ដឹងថា ខ្លួនលោកកំពុងប្រឈមនឹងការពិនិត្យតាមដានជាសាធារណៈ បន្ទាប់ពីបានទិញអចលនទ្រព្យនៅឆ្នេរសមុទ្រតម្លៃថ្លៃនេះ ក្នុងពេលមានវិបត្តិលំនៅឋានជាតិ ដោយបង្កឲ្យមានការចោទប្រកាន់ពីប្រព័ន្ធផ្សព្វផ្សាយ និងគូប្រជែងនយោបាយថា លោកអត់ខ្វាយខ្វល់ដល់អ្នកបោះឆ្នោតធម្មតា។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ បានឲ្យដឹងនៅសប្តាហ៍នេះថា លោក Albanese បានទិញអចលនទ្រព្យដែលមានតម្លៃប្រហែល ៤,៣លានដុល្លារអូស្ត្រាលី (២,៩លានដុល្លារអាមេរិក) ជាមួយគូស្នេហ៍របស់លោក គឺអ្នកនាង Jodie Haydon នៅតំបន់ឆ្នេរដ៏ពេញនិយម Copacabana ក្នុងរដ្ឋ New South Wales ដែលជាស្រុកកំណើតរបស់លោក។
លោកនាយករដ្ឋមន្ត្រី បាននិយាយថា ការទិញនេះ គឺជាការរួមចំណែកជាមួយដៃគូជីវិតរបស់លោក ដែលគ្រួសាររបស់នាង រស់នៅក្នុងតំបន់នោះ ប៉ុន្តែលោកបានបន្ថែមថា លោកបានដឹងថា លោកមាន «សំណាង» ដែលមានលទ្ធភាពទិញផ្ទះនេះ៕