បាល់ទាត់៖ ក្រុមបាល់ទាត់ប្រេស៊ីលទីបំផុតបានរបូត ៣ពិន្ទុជាលើកដំបូងក្នុងការប្រកួតជំរុះ World Cup ២០២២ តំបន់អាមេរិកខាងត្បូងក្រោយស្មើនៅទឹកដីកូឡុំប៊ី ០-០។ ក្រុមជើងឯករង Copa America មួយនេះបានឈ្នះរាល់ ៩ប្រកួតកន្លងមកក្នុងវគ្គជំរុះនេះ ទើបតែលើកនេះទេដែលពួកគេបាត់បង់ជ័យជំនះបានត្រឹមស្មើនៅទីក្រុង Barranquilla ប្រទេសកូឡុំប៊ី។

ក្រុមភ្ញៀវប្រេស៊ីលក៏បានបង្កើតឱកាសជាច្រើនដែរក្នុងការប្រកួតនេះ តែសុទ្ធតែធ្វើមិនបានសំរេចដូចជាឱកាសរបស់ខ្សែបម្រើ Manchester United, Fred, កីឡាកររបស់ Leeds United, Raphinha និង Anthony របស់ Ajax ជាដើម។ យ៉ាងណាក្តីមួយពិន្ទុសំរាប់ក្រុមប្រេស៊ីល ក៏ពួកគេនៅតែបន្តនាំមុខក្នុងពូលនៃវគ្គជំរុះនេះដដែលមានសរុប ២៨ពិន្ទុដាច់ក្រុមអាហ្សង់ទីន ៦ពិន្ទុ។ ចំណែកកូឡុំប៊ីឈរលេខ៥ ក្នុងតារាងមាន ១៥ពិន្ទុ។ អាហ្សង់ទីនដែលឈរលេខ២ មាន ២២ពិន្ទុនោះទើបតែបានយកឈ្នះអ៊ុយរូហ្កាយ ៣-០។ បីគ្រាប់របស់អាហ្សង់ទីនសំរេចបានដោយ Lionel Messi នាទីទី៣៨, Rodrigo de Paul នាទីទី៤៤ និង Lautaro Martinez នាទីទី៦២។ នៅថ្ងៃទី១៦ នេះអាហ្សង់ទីនត្រូវទទួលប៉េរូ ឯប្រេស៊ីលទទួលអ៊ុយរូហ្កាយ៕
អត្ថបទ៖នាង សុភាវុធ