នៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្ព័ន្ធអារ៉ាប់ ( AL) បាននិយាយថា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheitកាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការទៅលើការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើអគារនានានៃទីក្រុងNabatieh នៅភាគខាងត្បូងប្រទេសលីបង់។
យន្តហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿង បានបាញ់មីស៊ីលពីអាកាសទៅដីចំនួន ៤គ្រាប់ ទៅលើអគារក្រុង Nabatieh និងអគារនៃសហភាពក្រុង ដោយបានសម្លាប់មនុស្ស ៦នាក់ ក្នុងនោះមានអភិបាលក្រុងលោក Ahmad Kahil និងបានបណ្តាលឲ្យមនុស្ស ៤៣នាក់ផ្សេងទៀតរងរបួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកាលពីព្រឹកថ្ងៃពុធ។
លោក Aboul-Gheit បាននិយាយថា៖«ការវាយឆ្មក់របស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងដោយមិនរើសមុខ ដោយកំណត់គោលដៅទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការប៉ុនប៉ងចម្លងស្ថានភាពដ៏ឃោរឃៅនៅតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសលីបង់»។
លោកបានបន្ថែមថា អ៊ីស្រាអែល នៅតែបន្តបណ្តេញប្រជាជនចេញពីតំបន់ហ្កាហ្សាភាគខាងជើង និងបានសម្លាប់ជនស៊ីវិល ដោយផ្ញើសារយ៉ាងច្បាស់ថា «សង្រ្គាមនឹងបន្ត និងមិនត្រូវបានបន្ធូរបន្ថយឡើយ»។