មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ និយាយថា រាល់ដំណោះស្រាយចំពោះជម្លោះក្នុងតំបន់រីកកាន់តែធំយ៉ាងឆាប់រហ័ស ដែលបានរាលដាលដល់ប្រទេសលីបង់ និងតំបន់ឆ្ងាយៗទៀត គឺត្រូវផ្អែកលើដំណោះស្រាយនៃវិបត្តិដំបូងគេនៅតំបន់ហ្កាហ្សា ។
ស្របពេលដែលសង្រ្គាមហ្កាហ្សាបច្ចុប្បន្នឈានដល់ឆ្នាំទី ២ ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅតំបន់ភាគខាងត្បូងលីបង់ ជាទីដែលទាហានអ៊ីស្រាអែល កំពុងធ្វើសង្រ្គាមតាមជើងគោកជាមួយក្រុមសកម្មប្រយុទ្ធរបស់ជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ហើយនិងប្រឈមហានិភ័យនៃជម្លោះពេញបន្ទុកជាមួយអ៊ីរ៉ង់ ។
កិច្ចខិតខំផ្នែកការទូត ដើម្បីបញ្ឈប់សង្រ្គាមមួយនេះ បានជាប់គាំង ហើយចំណាប់អារម្មណ៍បច្ចុប្បន្នផ្តោតសំខាន់លើការវាយប្រហារតាមការរំពឹងរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ក្រោយទីក្រុងតេអេរ៉ង់ បើកការវាយប្រហារដោយមីស៊ីលលើកទី ២របស់ខ្លួនលើអ៊ីស្រាអែល កាលពីរយៈពេលជាង ២សប្តាហ៍មុន ។
លោក Basem Naim គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគីថា វាមានភាពស្មុគស្មាញ និងច្របូកច្របល់ សមរភូមិមុខចំនួន ២ វាមិនងាយឈានដល់បទឈប់បាញ់អចិន្រ្តៃយ៍ ឬដំណោះស្រាយអចិន្រ្តៃយ៍ចំពោះជម្លោះមួយនេះឡើយ បើគ្មានការដោះស្រាយជម្លោះដើម ដែលស្ថិតក្នុងតំបន់ហ្កាហ្សាទេនោះ ។
សេចក្តីអត្ថាធិប្បាយបែបនេះ បញ្ជាក់ពីការលំបាកខ្លាំងបែបណាក្នុងការដោះស្រាយសង្រ្គាមដែលមានការជាប់ពាក់ព័ន្ធផងដែរនឹងក្រុមចលនាហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ហើយបច្ចុប្បន្នបានគំរាមអូសទាញសហរដ្ឋអាមេរិកឲ្យចូលក្នុងជម្លោះ ដែលក្នុងសប្តាហ៍នេះ ពួកគេបានបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅកាន់អ៊ីស្រាអែល ៕