អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការសភាអង់គ្លេសម្រាប់តំបន់មជ្ឈិមបូព៌ាលោក Hamish Falconer បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Al-Arish ស្ថិតក្នុងតំបន់ North Sinai របស់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធ ។
លោកបានបញ្ជាក់ថា ចក្រភពអង់គ្លេស នឹងផ្តល់ថវិកាចំនួន ១លានផោន(ស្មើនឹងជិត ១,៣លានដុល្លារ)ដល់អង្គការសុខភាពពិភពលោក(WHO)នៅប្រទេសអេហ្ស៊ីប ដើម្បីគាំទ្រកិច្ចការជួយជនប៉ាឡេស្ទីនដែលបានចាកចេញពីតំបន់ហ្កាហ្សា ។
លោក Falconer ជាមួយនឹងអភិបាលតំបន់ North Sinai លោក Khaled Megawer បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Al-Arish ឃ្លាំងស្តុកជំនួយ និងមជ្ឈមណ្ឌលភស្តុភាររបស់ក្រុមអឌ្ឍចន្ទក្រហមអេហ្ស៊ីប ។
លោកបានធ្វើការសង្កត់ធ្ងន់ពីតម្រូវការធានាឲ្យបានថា ការផ្គត់ផ្គង់ក្នុងបរិមាណច្រើនទៅដល់តំបន់ហ្កាហ្សា ដើម្បីធ្វើឲ្យជនប៉ាឡេស្ទីនកក់ក្តៅ អំឡុងរដូវរងាជិតចូលមកដល់ខាងមុខនេះ ។
លោក Falconer និយាយថា លោកបានជជែកគ្នាជាមួយសហការីនៅទីនេះ ពីភាពបន្ទាន់ដែលពួកយើងប្រឈមជាមួយរដូវរងាជិតចូលមកដល់ខាងមុខនេះ ៕