ភ្នំពេញ៖ សារព័ត៌មាន The Guardian បានសម្ដែងនូវការសោកស្ដាយពាក់ព័ន្ធការចុះផ្សាយរបស់ខ្លួនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទិញសញ្ជាតិស៊ីព្រ (Cyprus) ហើយបានសន្យាធានាផ្ដល់នូវដំណោះស្រាយជូនសម្ដេចតេជោ និងពលរដ្ឋកម្ពុជាគួរជាទីគាប់ចិត្ត ។
យោងតាមលិខិតរបស់សារព័ត៌មាន The Guardian ផ្ញើជូនឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែល BTV ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ជូនចំពោះឯកឧត្តមរដ្ឋលេខាធិការ ខ្ញុំសរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួចហើយដោយលោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបានបញ្ជូនមកខ្ញុំ ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។
ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញ និងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។
អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។
ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត ៕

