ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) នេះ បានជំរុញឲ្យឥណ្ឌាដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងជៀសវាងកុំបង្កើតឧបសគ្គដល់ដំណើរការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងចិន-ឥណ្ឌា បន្ទាប់ពីមានការបើកស្ថានកុងស៊ុលជាក់ស្ដែងរបស់កោះតៃវ៉ាន់មួយផ្សេងទៀត នៅទីក្រុង Mumbai។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនជំទាស់នឹងចំណាត់ការរបស់បណ្តាប្រទេសដែលខ្លួនមានទំនាក់ទំនងជាមួយ ពាក់ព័ន្ធទៅនឹងការទាក់ទងផ្លូវការជាមួយកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កោះតៃវ៉ាន់ បានរាយការណ៍ថា រដ្ឋបាលកោះតៃវ៉ាន់ បានបើកការិយាល័យតំណាងទី៣ របស់ខ្លួន នៅឥណ្ឌា កាលពីថ្ងៃទី ខែតុលា ដោយបន្ថែមពីលើការិយាល័យដែលមានស្រាប់ នៅក្នុងទីក្រុង New Delhi និង Chennai។ ហើយអ្វីដែលសំខាន់នោះ គឺថា ការបើកនេះ បានកើតមានឡើង ចំពេលដែលប្រទេសចិន និងឥណ្ឌាបន្តប្រឹងប្រែងរួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហា នៅតាមព្រំដែនហិមាល័យរបស់ពួកគេ ជាចំណុចនៃជម្លោះដែលបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពតានតឹង។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាដែនដីរបស់ខ្លួននោះ បានរៀបចំការហ្វឹកសមធ្វើសង្គ្រាមថ្មី នៅជុំវិញកោះនេះ កាលពីដើមសប្តាហ៍នេះ។ រដ្ឋបាលកោះតៃវ៉ាន់ច្រានចោលការអះអាងអធិបតេយ្យភាពរបស់ចិន និងការទាមទាររបស់ទីក្រុងប៉េកាំង អំពីសិទ្ធិនិយាយ និងតំណាងឲ្យកោះ នៅលើឆាកអន្តរជាតិ។
លោកស្រី Mao បានលើកឡើងថា៖ «ប្រទេសចិនបានដាក់ការជំទាស់យ៉ាងម៉ឺងម៉ាត់ជាមួយភាគីឥណ្ឌា។ គោលការណ៍ចិនតែមួយ គឺជាការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លាដែលធ្វើឡើងដោយភាគីឥណ្ឌា និងជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ឥណ្ឌា»៕

