នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi មាននូវជំនួបជាមួយសមភាគីអេហ្ស៊ីបលោក Badr Abdelatty អំឡុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងគែរ ស្របពេលវិបត្តិក្នុងតំបន់កើនឡើង ។
លោក Araqchi បានចុះចតនៅទីក្រុងគែរកាលពីយប់ថ្ងៃពុធ សម្រាប់កិច្ចប្រជុំជាមួយក្រុមមន្រ្តីអេហ្ស៊ីប ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា ខណៈក្តីកង្វល់ពីការប្រឈមទ្រង់ទ្រាយធំជាងនេះ នៅក្នុងតំបន់ជាមួយអ៊ីស្រាអែល ។
ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះដែរ លោក Araqchi បានជួបជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi ។
ជំនួបមួយនេះ បានផ្តោតសំខាន់លើដំណើរវិវត្តក្នុងតំបន់ ក្នុងនោះលោក al-Sisi បានលើកឡើងពីការអំពាវនាវរបស់អេហ្ស៊ីបឲ្យចៀសវាងការពង្រីកជម្លោះ ហើយនិងតម្រូវការបញ្ឈប់ការឡើងកម្តៅ ដើម្បីការពារកុំឲ្យមានសង្រ្គាមក្នុងតំបន់ពេញបន្ទុក ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអេហ្ស៊ីប និងអ៊ីរ៉ង់ មិនសូវសមប្រកបនោះទេ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប៉ុន្តែប្រទេសទាំង ២ បានបង្កើនទំនាក់ទំនងការទូតកម្រិតខ្ពស់ ចាប់តាំងពីផ្ទុះវិបត្តិនៅតំបន់ហ្កាហ្សា កាលពីឆ្នាំមុន ពេលដែលអេហ្ស៊ីបព្យាយាមដើរតួជាអ្នកសម្របសម្រួល ៕



