នៅថ្ងៃព្រហស្បតិ៍នេះ កម្មករនៅទីក្រុងភាគខាងត្បូង Kanchipuram ប្រទេសឥណ្ឌា បានចូលធ្វើការវិញហើយនៅរោងចក្រផលិតគ្រឿងប្រើប្រាស់របស់ក្រុមហ៊ុន Samsung ជាទីដែលពួកគេបានតវ៉ាក្រុមហ៊ុន ចាប់តាំងពីខែមុនមកម្ល៉េះ ។
ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា កម្មករបានបញ្ចប់កូដកម្មរបស់ពួកគេដែលបានចាប់ផ្តើមកាលពីខែកញ្ញា ដែលទាមទារដំឡើងថ្លៃឈ្នូលពលកម្មខ្ពស់ជាងមុន និងលក្ខខណ្ឌការងារល្អប្រសើរជាងនេះ ។
កូដកម្មនៅរោងចក្រមួយនេះដែលគាំទ្រដោយសហជីពពាណិជ្ជកម្មឥណ្ឌា(CITU) បានក្លាយជាជម្លោះធំបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅប្រទេសឥណ្ឌា ហើយវាបានជះឥទ្ធិពលដល់កិច្ចខិតខំរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ក្នុងការទាក់ទាញវិនិយោគិនឲ្យបង្កើតផលិតកម្មក្នុងស្រុក ។
កាលពីថ្ងៃពុធ ក្រុមតំណាង CITU បាននិយាយថា ពួកគេបានប្រកាសបញ្ចប់កូដកម្ម ក្រោយចរចាជាមួយក្រុមហ៊ុន និងរដ្ឋាភិបាល ។
ដោយឡែក ក្រុមហ៊ុន Samsung India បាននិយាយថា ពួកគេស្វាគមន៍ការសម្រេចចិត្តរបស់ CITU ដើម្បីប្រកាសបញ្ចប់កូដកម្មនេះ នៅរោងចក្ររបស់ពួកគេ ដែលមានជួលកម្មករប្រហែល ១.៨០០នាក់ ឲ្យផលិតទូទឹកកក ទូរទស្សន៍ និងម៉ាស៊ីនបោកសម្លៀកបំពាក់ ៕


