រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែតុលា) នេះ បានឲ្យដឹងថា ខ្លួនបានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើនាវាដឹកប្រេងចំនួន ១៨គ្រឿង និងនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៤គ្រឿងរបស់រុស្ស៊ី ដោយនេះជាការដាក់ទណ្ឌកម្មដ៏ធំបំផុត រហូតមកដល់ពេលនេះ ប្រឆាំងនឹងអ្វីដែលហៅថា «កងនាវាស្រមោល» របស់ប្រទេសនេះ។
ចក្រភពអង់គ្លេសនិយាយថា «កងនាវាស្រមោល» នេះ ប្រើប្រាស់ការអនុវត្តខុសច្បាប់ ដើម្បីជៀសវាងពីការរឹតបន្តឹងរបស់លោកខាងលិចលើប្រេងរុស្ស៊ី។ រដ្ឋាភិបាលបានប្រាប់ថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរដែនសមុទ្រ ដើម្បីទាមទារឲ្យនាវារុស្ស៊ីគួរឲ្យសង្ស័យដែលមានធានារ៉ាប់រងផ្តល់ព័ត៌មានលម្អិត អំពីស្ថានភាពធានារ៉ាប់រងរបស់ពួកគេ នៅពេលពួកគេឆ្លងកាត់ផ្លូវទឹកអង់គ្លេស។
រដ្ឋាភិបាលបានប្រាប់ថា "«តួអង្គណាមួយដែលសម្របសម្រួល និងគាំទ្រសកម្មភាពអាក្រក់របស់រុស្ស៊ី អាចប្រឈមនឹងការដាក់ទណ្ឌកម្ម»។
រុស្ស៊ីច្រានចោលសម្ពាធរបស់លោកខាងលិច ក្នុងការកំណត់ការនាំចេញប្រេងរបស់ខ្លួន ហើយនៅក្នុងឆ្នាំកន្លងទៅ មានការកើនឡើងនូវចំនួននាវាដឹកប្រេងដែលដឹកជញ្ជូនទំនិញ ដោយគ្មានការគ្រប់គ្រង ឬធានាពីអ្នកផ្តល់សេវាលោកខាងលិចដែលមានស្តង់ដារ។
នាវាដឹកប្រេងទាំង ១៨គ្រឿង នឹងត្រូវបានហាមឃាត់មិនឲ្យចូលកំពង់ផែរបស់ចក្រភពអង់គ្លេស និងមិនអាចចូលទៅកាន់សេវាកម្មដែនសមុទ្ររបស់អង់គ្លេសបានឡើយ ដែលនាំឲ្យចំនួននាវាដឹកប្រេងសរុបរបស់រុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មឡើងដល់ទៅ ៤៣គ្រឿងហើយ៕

