បាល់ទាត់៖ ក្រុមសារិកាព្រៃ Newcastle United ត្រូវបានគេដឹងថា គ្រោងចរចានាំយកខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho ពី Barcelona នៅខែមករានេះ បន្ទាប់ពីទើបមានម្ចាស់ក្លិបថ្មីជាព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman ដែលមានទ្រព្យសម្បតិ្តរាប់រយពាន់លានដុល្លារ។

លោក Mike Ashley ដែលជាអតីតប្រធានក្លិប Newcastle បានលក់ភាគហ៊ុនធំគ្រប់គ្រងក្លិបទៅកាន់ PIF ដែលជាក្រុមហ៊ុនវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីត ហើយគោលដៅរបស់ក្លិបគឺនឹងចាប់ផ្តើមសម្រុកការពង្រឹងក្លិបនៅដើមឆ្នាំ២០២២ ខាងមុខនេះតែម្តង។ Philippe Coutinho ត្រូវបានគេដឹងថា ជាគោលដៅមុនគេដែលនឹងអាចមកកាន់កីឡដ្ឋាន St. James Park នៅខែមករាដើមឆ្នាំ២០២២ ខាងមុខនៅពេលទីផ្សារដោះដូរកីឡាករបើកចំហរ។ កីឡាករជំរើសជាតិប្រេស៊ីលរូបនេះនៅតែពិបាកក្នុងការរកតំណែងច្បាស់លាស់នៅ Barcelona ដែលស្ថិតក្រោមការដឹកនាំរបស់លោក Ronald Koeman។
Coutinho នៅរដូវក្តៅដើមរដូវកាលកន្លងមកស្ថិតក្នុងបញ្ជីកីឡាករដែលត្រូវបញ្ចេញរបស់ Barcelona តែការចរចាជាមួយក្លិបគោលដៅមិនបានសំរេច។ បើតាមសារព័ត៌មាន Diario Sport ឱ្យដឹងថា កីឡាករវ័យ ២៩ឆ្នាំរូបនេះអាចនឹងចាកចេញពី Barcelona ក្នុងតម្លៃផ្ទេរប្រមាណ ៥០លានផោន រឺយ៉ាងហោចណាស់ក្នុងកិច្ចសន្យាខ្ចីជើង ៦ខែទល់ចប់រដូវកាល៕
អត្ថបទ៖នាង សុភាវុធ