នគរបាលម៉ុលដាវីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានរកឃើញគ្រោងការណ៍ដែលមានពាក់ព័ន្ធនឹងការបញ្ជូនមនុស្សជាប្រចាំទៅរុស្ស៊ី ដើម្បីទទួលការបណ្តុះបណ្តាល អំពីរបៀបចូលរួម ក្នុងការតវ៉ា និងបង្កចលាចលស៊ីវិលផ្សេងទៀត នៅក្នុងប្រទេសម៉ុលដាវី។
នគរបាលបានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមដែលទទួលខុសត្រូវក្នុងការរៀបចំការបណ្តុះបណ្តាលនេះ គឺមានទំនាក់ទំនងជាមួយអ្នកជំនួញគាំទ្រវិមានក្រឹមឡាំងដែលរត់គេចខ្លួនឈ្មោះ Ilan Shor។
ហើយរដ្ឋអាជ្ញា លោក Victor Furtuna បាននិយាយថា៖ «បច្ចុប្បន្នការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ កំពុងធ្វើការស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌមួយចំនួន ទាក់ទងនឹងការរៀបចំការរំខានដ៏ធំ នៅក្នុងផលប្រយោជន៍នៃសហគមន៍ឧក្រិដ្ឋកម្ម»។
ជាមួយគ្នានេះ អាជ្ញាធរបានឲ្យដឹងថា មនុស្សត្រូវបានគេនាំទៅយ៉ាងទៀងទាត់ជាក្រុមៗមានចំនួនប្រហែល ២០នាក់ ដើម្បីទទួលការបណ្ដុះបណ្ដាលនៅរុស្ស៊ី ចាប់តាំងពីខែមិថុនាមក។ ជារួម ពួកគេបាននិយាយថា មនុស្សប្រហែល ៣០០នាក់ហើយ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
ក្រុមមន្ត្រីបាននិយាយថា ពួកគេអាចផ្តល់ព័ត៌មានមានកម្រិត នាពេលនេះ ដោយសារការស៊ើបអង្កេតកំពុងបន្តធ្វើ៕

