ក្រុមស្ម័គ្រលីបង់ បានជួយក្មេងៗជម្លៀសខ្លួនបច្ចុប្បន្នរស់នៅតាមតំបន់ឆ្នេរនៃរដ្ឋធានីបេរូតដែលកំពុងហែកហួរដោយសារភ្លើងសង្រ្គាមនោះ ឲ្យសប្បាយរីករាយជាមួយការគូរគំនូរ និងបំភ្លេចចោលរបួសផ្លូវចិត្តដោយសារសង្រ្គាម ។
ដោយសារមានកន្លែងតិចតួចត្រូវទៅ ហើយទីជម្រកនៅទូទាំងទីក្រុងបេរូត ពេញណែនអស់ គ្រួសារជម្លៀសខ្លួនមួយចំនួន និងកូនៗរបស់ពួកគេមកពីទូទាំងប្រទេសលីបង់ រួមទាំងតំបន់ជាយក្រុង Dahiyeh គ្រប់គ្រងដោយក្រុមហេសបូឡា នៅភាគខាងត្បូងទីក្រុងបេរូត បានបោះតង់លើឆ្នេរសមុទ្រជិតមជ្ឈមណ្ឌលទីក្រុង ។
ភាគច្រើននៃសំពត់តង់នៅជិតគ្នា គឺជាទីជម្រករបស់ជនភៀសខ្លួនស៊ីរី ដែលពួកគេមួយចំនួន បានរស់នៅទីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ដោយគ្មានការសិក្សា ក្រុមអ្នកស្ម័គ្រចិត្ត បានចាប់ផ្តើមផ្តល់វគ្គបង្រៀនគូរគំនូររាល់ថ្ងៃដល់ក្មេងៗជម្លៀសខ្លួនដូចជាក្មេងស្រី Nassim ដែលបានរត់ភៀសខ្លួនមកកាន់តំបន់ឆ្នេរជាមួយគ្រួសាររបស់នាងចេញពីទីក្រុង Dahiyeh កាលពីរយៈពេល ២សប្តាហ៍មុន ក្រោយផ្ទះរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។
ក្មេងស្រី Nassim និយាយថា នាងពេញចិត្តនឹងវគ្គបង្រៀនគូរគំនូរមួយនេះ បើទោះបីជានាងបាត់បង់អ្វីៗគ្រប់បែបយ៉ាងដែលនាងស្រលាញ់នៅផ្ទះក៏ដោយ ។
នាងបន្តថា អស់កាលជាយូរមកហើយដែលខ្ញុំមិនចេះគូរគំនូរនោះទេ ខ្ញុំមកទីនេះ ដើម្បីរៀនគូរគំនូរ ។
អ្នកស្រី Heyam Baker ដែលជាអ្នកស្ម័គ្រចិត្តមួយរូប និយាយថា គាត់ និងអ្នកស្ម័គ្រចិត្តប៉ុន្មាននាក់ទៀតមកពីអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងបេរូត បានចាប់ផ្តើមផ្តល់វគ្គសិក្សាជំនាញគូរគំនូរសម្រាប់ក្មេងៗ ដើម្បីធ្វើឲ្យពួកគេបំភ្លិចការឈឺចាប់ និងរបួសផ្លូវចិត្ត ដោយសារជម្លោះបច្ចុប្បន្ន ដែលកំពុងញាំញីប្រទេសលីបង់ ៕