ម្ចាស់រោងចក្រផលិតសាប៊ូលីបង់នៅក្នុងទីក្រុង Tripoli បានបើកទ្វាររោងចក្ររបស់លោកស្វាគមន៍គ្រួសារជម្លៀសខ្លួនដែលស្វែងរកទីជម្រក និងបានអនុញ្ញាតឲ្យកូនៗរបស់ពួកគេរៀនពីជំនាញធ្វើសាប៊ូ ។
លោក Amir Badr Hassoun គឺជាម្ចាស់រោងចក្រផលិតសាប៊ូដុសខ្លួន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្មេងៗ ត្រូវបានបង្រៀនពីរបៀបធ្វើសាប៊ូ អនុញ្ញាតឲ្យពួកគេផ្តោតសំខាន់លើការងារជាជាងភាពចលាចលនៅជុំវិញខ្លួនពួកគេ ។
លោក Hassoun មានជំនឿថា សកម្មភាពទាំងអស់នេះ សំខាន់សម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់ក្មេងៗ ។
នៅក្នុងចំណោមគ្រួសារជម្លៀសខ្លួនទៅកាន់ទីក្រុង Tripol គឺជាស្រ្តីម្តាយកូន ៣ Zainab Alkhas វ័យ ៣២ឆ្នាំ ដែលបានរត់ភៀសខ្លួនចេញពីផ្ទះរបស់គាត់ ដោយសារការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ។
អ្នកស្រី Alkhas បានរំឭកដល់សន្តានចិត្តល្អបែបណាដែលគាត់ និងគ្រួសារផ្សេងទៀតស្វែករកទីជម្រក បានទទួល និងត្រូវបានស្វាគមន៍ ។
អ្នកស្រី Alkhas និយាយថា គាត់មិនដឹងជាត្រូវរៀបរាប់បែបណាទេថាតើពួកគេធ្វើល្អបែបណាខ្លះមកលើពួកយើង ថាតើពួកគេស្វាគមន៍ពួកយើងល្អបែបណានោះទេ ។ ពួកយើងមានអារម្មណ៍ថា ពួកយើងគឺជាគ្រួសារតែមួយ នៅជាមួយប្រជាជនរបស់ពួកយើង ពួកគេមិនបានធ្វើឲ្យពួកយើងមានអារម្មណ៍ថាពួកយើងគឺជាអ្នកក្រៅនោះទេ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ២.៣៥០នាក់ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ដែលភាគច្រើននៃពួកគេ បានស្លាប់ក្នុងរយៈពេលថ្មីៗនេះ ហើយមនុស្សជាង ១,២លាននាក់ផ្សេងទៀត បានរត់ភៀសខ្លួន ៕