រដ្ឋមន្ត្រីអាកាសចរណ៍របស់ប្រទេសឥណ្ឌា និយាយថា នគរបាលលនៅក្នុងរដ្ឋធានី Mumbai ជារដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌា បានចាប់ខ្លួនអនីតិជនម្នាក់ដែលតាមការចោទប្រកាន់ ថាបានបង្ហោះសារតាមបណ្តាញអ៊ីនធឺណិតគំរាមថាមានគ្រាប់បែកនៅលើជើងហោះហើរចំនួនបី កាលពីដើមសប្តាហ៍នេះ។ ជើងហោះហើររបស់ប្រទេសឥណ្ឌា បានទទួលការគំរាមដោយគ្រាប់បែក ដែលក្រោយមកត្រូវបានរកឃើញថា ជាការបោកបញ្ឆោត។

នៅពេលទទួលបានការគំរាមដោយគ្រាប់បែក ជើងហោះហើរត្រូវបានប្តូរទិសដៅទៅកាន់អាកាសយានដ្ឋាននៅជិតបំផុតតាមដែលអាចធ្វើទៅបាន ជាកន្លែងដែលជើងហោះហើរត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយ បន្ទាប់ពីបានចុះចត។ អ្នកដំណើរទាំងអស់ បានចុះពីលើយន្តហោះដោយសុវត្ថិភាព មុនពេលមានការត្រួតពិនិត្យសុវត្ថិភាព យ៉ាងហ្មត់ចត់។
លោក Ram Mohan Naidu Kinjarapu រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលរបស់ប្រទេស បានបញ្ជាក់ថា អ្នកដែលត្រូវបានចាប់ខ្លួនគឺជាអនីតិជន ប៉ុន្តែពុំបានបញ្ចេញឈ្មោះនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការគំរាមដោយគ្រាប់បែក ត្រូវបានធ្វើឡើងចេញពីគណនីមួយនៅលើបណ្តាញ X និងបានចោទប្រកាន់ថាជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ IndiGo ចំនួនពីរ និងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ថា បានផ្តល់អាវុធនិងគ្រឿងផ្ទុះដល់ក្រុមសកម្មប្រយុទ្ធ។
យ៉ាងហោចណាស់ជើងហោះហើរចំនួន៨របស់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ IndiGo ត្រូវបានទទួលរងការគំរាម។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Air India បាននិយាយថា ជើងហោះហើររបស់ខ្លួនពីទីក្រុង New Delhi ទៅកាន់ទីក្រុង Chicago សហរដ្ឋអាមេរិក ត្រូវបានបង្ខំឱ្យចុះចតនៅប្រទេសកាណាដា កាលពីថ្ងៃពុធ បន្ទាប់ពីការគំរាមដល់សុវត្ថិភាព ត្រូវបានបង្ហោះតាមអ៊ីនធឺណិត។ ប៉ុន្តែក្រោយមកអ្នកដំណើរត្រូវបានគេដឹកជញ្ជូនទៅកាន់គោលដៅរបស់ខ្លួនដោយយន្តហោះរបស់កងទ័ពអាកាសកាណាដា។