ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) របស់អ៊ីស្រាអែល ដើម្បីដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ប៉ុន្តែត្រឹមតែរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះនៃអាណត្តិរបស់ខ្លួន លោក Bidem អាចនឹងខ្វះអានុភាពដើម្បីពត់តម្រង់មេដឹកនាំអ៊ីស្រាអែលឱ្យដើរតាមឆន្ទៈរបស់លោក។

ការស្លាប់របស់លោក Sinwar ដែលជាមេក្លោងនៃការវាយប្រហាររបស់ហាម៉ាសកាលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល បានបង្កើនក្តីសង្ឃឹមថាអាចនឹងជំរុញឱ្យមានកិច្ចចរចាដែលជាប់គាំងជាយូរមកហើយឡើងវិញសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ថ្នូរហ្កាហ្សា ដែលលោក Biden បានស្វះស្វែងរកជាយូរមកហើយ។ ប៉ុន្តែលទ្ធផលបែបនេះគឺនៅឆ្ងាយពីភាពប្រាកដប្រជាណាស់ ខណៈលោក Biden ប្រឈមមុខនឹងវិបត្តិនៃវិបត្តិមជ្ឈិមបូព៌ា។

ខណៈតំណែងប្រធានាធិបតីរបស់ខ្លួនជិតអស់ និងការបោះឆ្នោតនៅសហរដ្ឋអាមេរិកខិតកាន់តែជិតនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ លោក Biden អាចនឹងពិបាកក្នុងការធ្វើឱ្យលោក Netanyahu ស្ដាប់តាមការអំពាវនាវរបស់លោកទាំងស្រុង។
អ្នកវិភាគខ្លះនិយាយថា លោក Netanyahu ប្រហែលជាចង់រង់ចាំដល់អាណត្តិរបស់លោក Biden បញ្ចប់ក្នុងខែមករា និងបន្តកិច្ចចរចាជាមួយប្រធានាធិបតីអាមេរិកបន្ទាប់។ ឧបសគ្គដ៏ធំមួយទៀតក្នុងការចរចានោះគឺភាពមិនប្រាកដប្រជាអំពីថ្នាក់ដឹកនាំរបស់ក្រុមហាម៉ាស។

កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការនាំយកសន្តិភាពដល់តំបន់ហ្កាហ្សា នឹងមានភាពស្មុគស្មាញដោយការប្រយុទ្ធស្របគ្នារបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា នៅលីបង់ ក៏ដូចជាការត្រៀមលក្ខណៈរបស់អ៊ីស្រាអែល ដើម្បីសងសឹកលើអ៊ីរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទិករបស់ខ្លួននៅក្នុងខែនេះ៕