បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Cristiano Ronaldo បានពន្លាតកំណត់ត្រាពិភពលោកក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជំរើសជាតិឡើងដល់ ១១២គ្រាប់បន្ទាប់រកបានមួយគ្រាប់ក្នុងជ័យជំនះរបស់ព័រទុយហ្កាល់ ៣-០ លើកាតាក្នុងជំនួបមិត្តភាពអន្តរជាតិ។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះរកបានគ្រាប់នាំមុខឱ្យព័រទុយហ្កាល់នៅនាទីទី៣៧ មុនពេលដែល Jose Fonte និង Andre Silva រកបានម្នាក់មួយគ្រាប់ដែរ។ នេះជាការបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិព័រទុយហ្កាល់ប្រកួតទី ១៨១ ហើយដែលមានន័យថា គេបានបំបែកកំណត់ត្រារបស់ខ្សែការពារអេស្ប៉ាញ Sergio Ramos ផងដែរដែលជាកីឡាករបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិបានច្រើនជាងគេនៅតំបន់អឺរ៉ុប។ Ronaldo ទើបតែបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនគ្រាប់ជាងគេឱ្យក្រុមជំរើសជាតិកាលពីខែមុន លើកំណត់ត្រាចាស់ដែលកាន់កាប់ដោយខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ១០៩គ្រាប់។
សូមបញ្ជាក់ថា ព័រទុយហ្កាល់មិនឈរលើគេទៀតទេក្នុងវគ្គជំរុះ World Cup ក្នុងពូល A នេះបន្ទាប់ពីស៊ែបទើបយកឈ្នះលុចហ្សាំបួរ ១-០ កាលពីថ្ងៃសៅរ៍ តែព័រទុយហ្កាល់នៅសល់មួយប្រកួតក្នុងដៃ។ ក្រុមម្ចាស់ផ្ទះ World Cup ២០២២ កាតាស្ថិតក្នុងពូល A នៃវគ្គជំរុះនេះដែរតែមិនរាប់ពិន្ទុឡើយ ពោលគឺរាល់ក្រុមដែលជួបកាតាចាត់ទុកជាការប្រកួតមិត្តភាពប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ