ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ថា លោកទទួលបានរបាយការណ៍ចារកម្មដែលថា កូរ៉េខាងជើងកំពុងបណ្តុះបណ្តាលទាហាន ចំនួន១០.០០០នាក់ ដើម្បីជួយដល់រុស្ស៊ីក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងទីក្រុងគីវ។

លោក Zelenskyy បាននិយាយបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធយោធាណាតូថា «ពួកគេកំពុងត្រៀមនៅលើទឹកដីរបស់គេនូវទាហានចំនួន១០.០០០នាក់។
លោកបានធ្វើការអះអាងអំពីទាហានកូរ៉េខាងជើង ១០.០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជួបជាមួយមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប៉ុន្តែពុំបានបញ្ជាក់ពីទីកន្លែងដែលទាហានកំពុងត្រូវបានបណ្តុះបណ្តាល នោះទេ។

ដោយនិយាយរួមជាមួយប្រមុខអង្គការណាតូ លោក Mark Rutte លោកZelenskyy បាននិយាយថា មានចំនួន «បុគ្គលិកយុទ្ធសាស្ត្រ» និង មន្រ្តី មកពីប្រទេសកូរ៉េខាងជើង នៅលើទឹកដីរបស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី។
លោក Rutte បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សម្ព័ន្ធមិត្ត ពុំមានភស្តុតាងដែលថាទាហានកូរ៉េខាងជើងចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែយើងដឹងថាកូរ៉េខាងជើងកំពុងជួយដល់រុស្ស៊ី។
មន្ត្រីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា យើងកំពុងតាមដានលទ្ធភាពនៃការដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។
ប្រទេសកូរ៉េខាងជើង មួយរយៈចុងក្រោយនេះ បានផ្តល់គ្រាប់កាំភ្លើងធំសំខាន់ៗដល់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមរបស់រុស្ស៊ី។